ក្រោយផុតកិច្ចសន្យារយៈពេល១រដូវកាលជាមួយក្លិបភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីលោក Yasuyuki Yoshida បានសម្រេចមិនបន្តកិច្ចសន្យាជាមួយក្រុមជើងឯក៦សម័យកាលនេះទៀតទេ កាលពីដើមខែតុលា កន្លងទៅ ខណៈលោកនឹងងាកទៅបន្តអាជីពនៅប្រទេសថៃ វិញម្តង។
បុរសជនជាតិជប៉ុនរូបនេះ បានលើកឡើងថា ៖ «ខ្ញុំបានផុតកិច្ចសន្យាជាមួយក្លិបហើយ ក្រោយចប់រដូវកាលថ្មីៗនេះ។ ខ្ញុំក៏សម្រេចមិនបន្តកិច្ចសន្យាជាមួយក្លិបនេះទៀត ដោយសុំមិននិយាយពីមូលហេតុ។ ខ្ញុំនៅតែបើកចំហ អាជីពនៅប្រទេសកម្ពុជា ប្រសិនបើមានក្លិបផ្សេងចង់បានខ្ញុំ។ ប៉ុន្តែនៅពេលនេះមានក្លិបបាល់ទាត់មួយនៅលីគលំដាប់ទី៣របស់ថៃ គេបានទាក់ទងមកខ្ញុំដើម្បីឱ្យចូលរួមជាមួយពួកគេ។ ខ្ញុំកំពុងតែចចារលក្ខខណ្ឌមួយចំនួនជាមួយពួកគេមុនសម្រេចចិត្ត»។
យ៉ាងណាក្តីបុរសវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានអះអាងថាលោកមិនទាន់រំងាប់ចិត្តប្រកបអាជីពជាកីឡាករនៅឡើយនោះទេ ទោះបីជាបន្តអាជីពជាគ្រូបង្វឹកអ្នកចាំទីជាមួយក្លិបភ្នំពេញក្រោន មួយរយៈក៏ដោយ។ លោកចង់ស្វែងរកក្លិបមួយដែលអាចបន្តអាជីពជាកីឡាករ១ឬ២ឆ្នាំទៀតសិន មុនចូលនិវត្តន៍ទៅប្រកបអាជីពជាគ្រូបង្វឹក។
លោក Yasuyuki Yoshida ជាជនជាតិជប៉ុន បានត្រឡប់ទៅប្រកបអាជីពនៅស្រុកកំណើតវិញនៅឆ្នាំ២០១៦ ក្រោយធ្វើដំណើរលើកដំបូងមករាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១៣ ដោយចូលរួមជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស)។ កាលនោះតាមរយៈទំនាក់ទំនងជាមួយកីឡាករ Takihito Ota ដែលជាកីឡាករជនជាតិជប៉ុនដំបូងគេបង្អស់មកប្រកបអាជីពនៅប្រទេសកម្ពុជា កីឡាករ Yasuyuki Yoshida បានមកធ្វើជាអ្នកចាំទីនៅក្លិបប៉ូលីស នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៥ លោកបានចេញទៅបន្តអាជីពនៅក្លិប Albirex Niigata Phnom Penh ក្នុងលីគកំពូលកម្ពុជា ដែរ ហើយនៅឆ្នាំជាមួយគ្នាលោកបានចេញទៅក្រុមខេមបូឌានថាយហ្គឺរ ក្នុងនាមជាអ្នកចាំទីនិងគ្រូបង្វឹកអ្នកចាំទី។ នៅឆ្នាំ២០១៦ លោកបានធ្វើដំណើរទៅស្រុកកំណើតវិញ ដោយប្រកបអាជីពនៅក្លិបREINMEER AOMORI FC សមាជិកពានរង្វាន់លីគលំដាប់ទី៤ ក្នុងប្រទេសជប៉ុន៕
Source: Kampuchea Thmey Daily
0 Comments