ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានស្នើឲ្យមានកិច្ចពិភាក្សាជាមួយមេដឹកនាំចិននិងរុស្ស៊ីក្នុងគោលបំណងបញ្ឈប់នូវអ្វីដែលលោកពណ៌នាថាជាការប្រកួតប្រជែងអាវុធ “ដែលមិនអាចគ្រប់គ្រងបាន”។
មតិយោបល់របស់លោក Trump បានធ្វើឡើងបន្ទាប់ពីការប្រកាសខែតុលាដែលក្នុងនោះលោកបាននិយាយថា លោកនឹងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលជាកិច្ចព្រមព្រៀងសង្គ្រាមត្រជាក់ជាមួយរុស្ស៊ីដើម្បីកាត់បន្ថយចំនួនមីស៊ីល។
ក្រុមអ្នករិះគន់បាននិយាយថា ការដកខ្លួននឹងធ្វើឲ្យមានការប្រកួតប្រជែងសព្វាវុធថ្មីជាមួយប្រទេសរុស្ស៊ី។ លោក Trump បាននិយាយនៅពេលនោះថា លោកនឹងបង្កើនស្តុកនុយក្លេអ៊ែររបស់អាមេរិក។
ក្នុងការបង្ហោះ Twitter កាលពីព្រឹកថ្ងៃចន្ទ លោកប្រធានាធិបតីបាននិយាយថា “ខ្ញុំជឿជាក់ថា នៅពេលណាមួយនាអនាគត លោកប្រធានាធិបតី Xi និងខ្ញុំរួមជាមួយលោកប្រធានាធិបតី Putin នៃប្រទេសរុស្ស៊ីនឹងចាប់ផ្តើមពិភាក្សាអំពីការបញ្ឈប់ដ៏មានអត្ថន័យចំពោះអ្វីដែលបានក្លាយទៅជាការប្រកួតប្រជែងអាវុធដ៏ធំនិងមិនអាចគ្រប់គ្រងបាន”។
ករបង្ហោះ Twitter របស់លោក Trump បានកើតឡើងក្រោយកិច្ចប្រជុំចុងសប្តាហ៍ជាមួយលោក Xi អំឡុងជំនួបកំពូល G20 នៅប្រទេសអាហ្សង់ទីនដែលក្នុងនោះ បណ្តាមេដឹកនាំបានអំពាវនាវឲ្យមានការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចទាំងពីរ។
កិច្ចព្រមព្រៀង INF ឆ្នាំ១៩៨៧មិនបានគ្របដណ្តប់លើប្រទេសចិនទេហើយត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់មីស៊ីលរយៈចម្ងាយខ្លីនិងមធ្យម។
កាលបរិច្ឆេទសម្រាប់ការដកខ្លួនជាផ្លូវការរបស់សហរដ្ឋអាមេរិកពីសន្ធិសញ្ញានេះមិនទាន់បានកំណត់នៅឡើយទេដែលអាចទុកផ្លូវសម្រាប់ដំណោះស្រាយដែលអាចធ្វើទៅបានហើយក៏អាចមានពាក់ព័ន្ធទាំងជាមួយប្រទេសចិនផងដែរ។
ការសម្រេចចិត្តរបស់លោក Trump ក្នុងការដកខ្លួនចេញពី INF បានបង្កឲ្យមានការព្រួយបារម្ភជាទូទៅហើយមន្ត្រីរដ្ឋបាលបានចូលរួមនៅក្នុងយុទ្ធនាការទំនាក់ទំនងសាធារណៈជាមួយមេដឹកនាំអ៊ឺរ៉ុបនិងអ្នកកាសែតដើម្បីពន្យល់ពីការដកខ្លួននេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments