Ad Code

លោក​Trump គោរព​វិញ្ញាណក្ខន្ធ​ ខណៈ​សព​លោក​ប្រធានាធិបតី Bush តម្កល់​នៅ​វិមាន កា​ពី​តូ​ល​



កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី Donald Trump និង​ជំទាវ​ទីមួយ Melania បាន​គោរព​វិញ្ញាណក្ខន្ធ​ដល់​អតីត​ប្រធានាធិបតី George H.W. Bush ដែល​សាកសព​របស់គាត់​ត្រូវបាន​តម្កល់​ក្នុង​អគារ​រដ្ឋ​នៅ​វិមាន​កា​ពី​តូ​ល​។​

លោក Trumps បានធ្វើ​ដំណើរ​មួយ​ភ្លែត​ទៅកាន់​អគារ​ដំបូល​រាង​មូលនៃ​វិមាន​កា​ពី​តូ​ល​ដែលជា​កន្លែង​មឈូស​ដែល​ដណ្តប់​ដោយ​ទង់ជាតិ​របស់លោក Bush ត្រូវបាន​តម្កល់ទុក​ដើម្បី​ជាការ​គោរព​ដល់​ប្រធានាធិបតី​អាមេរិក​ទី​៤១​រូបនេះ​និង​រម្លឹក​អំពី​ជីវិត​ដ៏​មិនធម្មតា​របស់គាត់​។​

លោក Bush បានទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ​ក្នុង​អាយុ​៩៤​ឆ្នាំ​នៅឯ​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន​ដែល​នេះ​ជា​មរណភាព​មួយ​ដែល​នាំ​ឲ្យ​ជនជាតិ​អាមេរិក​ឆ្លុះបញ្ចាំង​អំពី​ជីវិត​នៃ​ការបំពេញ​កាតព្វកិច្ច​និង​ការបម្រើ​របស់គាត់​ចំពោះ​ប្រទេស​ក្នុងនាម​ជា​មេដឹកនាំ​មួយរូប​។​

លោក Trump គ្រោង​នឹងចូលរួម​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​នៅ​ថ្ងៃ​ពុធ​នៅឯ​មហាវិហារ​ជាតិ​ក្រុង​វ៉ាស៊ីនតោន​ដែល​វា​ជា​ពិធី​បុណ្យសព​ប្រធានាធិបតី​ដំបូងបង្អស់​ចាប់តាំងពី​លោក Gerald Ford ទទួលមរណភាព​ក្នុង​ឆ្នាំ​២០០៦​។​

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ក្រោយពេល​សាច់ញាតិ​របស់លោក Bush និង​ឥស្សរជន​បាន​ចាក​ចេញទៅ លោក​ប្រធានាធិបតី​បានធ្វើ​ដំណើរ​ចាក​ចេញពី​សេត​វិមាន​ទៅកាន់​វិមាន​កា​ពី​តូ​ល​។​

អម​ជាមួយ​លោកជំទាវ​, លោក Trump បាន​គោរព​ហើយ​ពួកគេ​បាន​ឈរ​ជិត​មឈូស​របស់លោក Bush ប្រហែល​មួយ​នាទី​។ ពួកគេ​បាន​ចេញពី​ទីនោះ​ដោយ​គ្មាន​ពិធី​អ្វី​ធំដុំ​ឡើយ​។​

លោក Bush មិនដែល​ផ្តល់​ភាពកក់ក្តៅ​ដល់​លោក Trump ឡើយ​ហើយ​លោក​បានបង្ហាញ​ឲ្យ​គេ​ដឹងថា លោក​មិនបាន​បោះឆ្នោត​ឲ្យ​គាត់​ទេ​នៅ​ឆ្នាំ​២០១៦​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ លោក Trump បាន​សរសេរ​ទៅកាន់​សមាជិកសភា​ដើម្បី​សរសើរ​លោក Bush ថា​ជា​បុរស​ម្នាក់​ដែល​បាន​ដឹកនាំ​ជីវិត​ដើម្បី​បង្ហាញ​ពីអ្វី​ដែល​ពិតជា​អស្ចារ្យ​សម្រាប់​អាមេរិក​។​

លោក​បានសរសេរថា “​លោក​ប្រធានាធិបតី Bush បានធ្វើការ​ក្នុង​ជីវិត​ដ៏​វែងឆ្ងាយ​របស់គាត់​ដើម្បី​នាំមក​នូវ​ពិភពលោក​ដែលមាន​យុត្តិធម៌​និង​សន្តិភាព​យូរអង្វែង​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu