Ad Code

តុលាការ​សម្រេច​បង្វិល​សំណុំរឿង​ស្ត្រី​វៀតណាម​ម្ចាស់​សិប្បកម្ម​កាហ្វេ​ដាយ​ថាញ់​ឲ្យ​ស៊ើប​អង្កេត​បន្ថែម



ភ្នំពេញ​ ៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​​ធ្នូ ឆ្នាំ​២០១៨ បាន​ប្រកាស​សម្រេច​បង្វិល​សំណុំរឿង​កាហ្វេ​ដាយ​ថា​ញ់​វៀតណាម​ អោយមាន​កា​រស៊ើប​អង្កេត​បន្ថែម​ជុំវិញ​គុណភាព​កាហ្វេ និង​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​មក​សាកសួរ​បន្ថែម។​

សេចក្ដីសម្រេច​នេះ​លោក​ចៅក្រម​ហម ម៉េង​សែ សម្អាង​ហេតុថា សិប្បកម្ម​ផលិត​កាហ្វេ​ដាយ​ថា​ញ់​មានច្បាប់​អោយ​បើក តែ​ការផលិត​មិនមាន​ការបង្ហាញ​ពី​ការ​លាយ​សារធាតុ​ផ្សេងៗ​បញ្ជាក់​ពី​គុណភាព​កាហ្វេ និង​មិនមាន​លើក​ស្លាក​យីហោ​អោយបាន​ត្រឹមត្រូវ ។​

សំណុំរឿង​កាហ្វេ​វៀតណាម​ដាយ​ថា​ញ់​ផលិត​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​លោក​ចៅក្រម​ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាលពី​ព្រឹក​ថ្ងៃទី ២៦​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​កាត់ទោស​ស្ត្រី​វៀតណាម​ជា​ម្ចាស់​សិប្ប កម្ម ។​

តុលាការ​បាន​ចោទប្រកាន់​ម្ចាស់​សិប្បកម្ម​ពីបទ​បើក​សិប្បកម្ម​មិន​លើក​ស្លាក​យីហោ បទ​ប្រើប្រាស់​សារ​ធាតុគីមី​ខុសច្បាប់ និង​បទ ការ​វេច​ខ្ចប់​គ្មាន​អនាម័យ ។​

ជនជាប់ចោទ​ឈ្មោះ ពៅ ច​ន្ធា ហៅ​ង្វៀន ណា​ម​ង៉ុ​ក ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិ​វៀតណាម ជា​ថៅកែ​សិប្បកម្ម​កាហ្វេ ដាយ​ថា​ញ់ ស្ថិតនៅ​ក្នុងភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​

ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​បើក​សិប្បកម្ម​ផលិត​កាហ្វេ​យីហោ​ដាយ​ថា​ញ់​មែន តែ​មិនបាន​លើក​ស្លាក​យីហោ​នៅ​កន្លែង​ផលិត​ទេ ។​

ចំពោះ​វត្ថុធាតុដើម​ខ្លួន​បាន​ទិញ​ពី​ផ្សារ​អូរ​ឬ​ស្សី ដោយ​ក្នុង​មួយ​សប្ដាហ៍​ខ្លួន​អាច​ផលិត​កាហ្វេ​លក់​ទៅតាម​ខេត្ត​ប្រមាណ​ជា​៥០០​គីឡូក្រាម ក្នុងនោះ​លក់​ចេញទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ និង​ក្នុង​ក្រុងភ្នំពេញ​ជាដើម។​

តំណាង​អយ្យកា​រលោក ខាំ សុ​ផា​រី បានធ្វើ​សេចក្ដីសន្និដ្ឋាន​តម្កល់ទុក​បទចោទប្រកាន់​លើ​ជន​ជាប់​ចោទដដែល និង​បាន​ស្នើអោយ​ផ្ដន្ទាទោស​តាមច្បាប់ ។​

សូម​រំលឹកថា​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​លីង និង​កិន​កាហ្វេ ដាយ​ថា​ញ់ និង​ឃាត់ខ្លួន​​​មនុស្ស​ចំនួន​ពីរ​នាក់ និង​បាន​រកឃើញ​សារធាតុ​ផ្សំ​ដូចជា ពោត​ឆៅ និង​លីង សណ្តែកសៀង​លីង ប៊ើ ខ្ទិះដូង ព្រមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត មាន​ទម្ងន់​ប្រមាណ​ជាង​៧​តោន ដែល​សង្ស័យ​មានការ​លាយ​សារធាតុ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ផឹក​យ៉ាងធ្ងន់ធ្ងរ​។ ទីតាំង​សិប្បកម្ម​ផលិត​កាហ្វេ ស្ថិត​ត្រង់ចំណុច​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។ ម្ចាស់​សិប្បកម្ម​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ពៅ ច​ន្ធា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​សិប្បកម្ម​ផលិត​កាហ្វេ ស្ថិតនៅ​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​ឈ្មោះ សឿង ស្រី​ណា ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ជា​អ្នក​លាយ​ការ​ហ្វេ ។​

ការចុះបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក ងិន ពេជ្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​កាំកុងត្រូល និង​នគរបាល​មូលដ្ឋាន​ផងដែរ ។​

នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ មាន​សារធាតុ​ផ្សំ​មួយចំនួន​ដូចជា ពោត​ឆៅ និង​លីង សណ្តែកសៀង​លីង ប៊ើ ខ្ទិះដូង ព្រមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត សរុប​ទាំងអស់​ចំនួន​១០​មុខ មាន​ទម្ងន់​ប្រមាណ​ជាង​៧​តោន និង​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ឲ្យ​ម៉ូយ​មួយគ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ 2P-4458​។ ក្រៅពីនោះ មាន​ឧបករណ៍​ផលិត រួមមាន ៖ ម៉ាស៊ីន​លីង​កាហ្វេ​, ម៉ាស៊ីន​កិន​កាហ្វេ ចំនួន​៣​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ទប់​ចំនួន​១​គ្រឿង​សំបក​វេច​ខ្ទប់​ចំនួន​១៥០​គីឡូក្រាម និង​សំបក​ធុង​មួយ ហើយ​បាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម និង​អ្នក​លាយ​ម្នាក់ បន្ទាប់ពី​រកឃើញ​វត្ថុធាតុដើម រួម​ពោតស​ណ្តែ​ត​សៀង និង​សារធាតុ​ផ្សំ​មួយចំនួនទៀត ដែល​សង្ស័យ ថា​ជា​សារធាតុ​គីមី​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច យុ​ទ្ធា បាន​ឲ្យ​ដឹងថា ដោយមាន​ការស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ជំនាញ និង​មានការ​សង្ស័យ​ទៅលើ​សិប្បកម្ម​ផលិត​កាហ្វេ​នេះ ដែល​ពុំមាន​ស្លាក​យីហោ ហើយ​បាន​លីង​កាហ្វេ ដោយ​ទៅ​បោះ​ឲ្យ​ម៉ូយ​តែ​ពេលយប់ ទើប​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu