បាត់ដំបង ៖ សិស្សសាលានៃវិទ្យាល័យ សំពៅលូន បានដួលសន្លប់ជាបន្តបន្ទាប់ ដោយអការៈម្នាក់ៗមានសភាពថប់ៗផ្លូវដង្ហើម និងត្រជាក់ចុងដៃចុងជើង ដែលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញៗបានបើកកិច្ចប្រជុំបន្ទាន់មួយនៅគណៈបញ្ជាការកងឯកភាពស្រុក ដើម្បីសិក្សាអំពីបញ្ហានេះ។
ចាប់តាំងពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ មកដល់ថ្ងៃនេះ សិស្សសាលា នៃវិទ្យាល័យ សំពៅលូន ដែលមានទីតាំងស្ថិតក្នុង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានដួលសន្លប់ជាបន្តបន្ទាប់ ដែលរហូតមកទល់នឹងថ្ងៃនេះ គឺសរុបមានចំនួន ៤១ នាក់ហើយ ក្នុងនោះមានសិស្សស្រី ៣៩ នាក់ ដែលសិស្សម្នាក់ៗ មានអការៈល្ហិតល្ហៃ ត្រជាក់ដៃ ជើង និងមានសភាពថប់ៗផ្លូវដង្ហើម ដែលចាំបាច់ខាងសាលាត្រូវបានរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរស្រុក ព្រមទាំងបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនផងដែរ ដើម្បីអោយក្រុមគ្រូពេទ្យពិនិត្យ និងសិក្សាទៅលើអការៈដ៏ចម្លែកទាំងនេះ ។
លោក មាស ម៉ៅសាក់ ប្រធានការិយាល័យ ប្រតិបត្តិ ប្រចាំស្រុកសំពៅលូនបានលើកឡើងថា បញ្ហានេះគឺផ្តើមចេញពីសិស្សដែលកំពុងសិក្សាថ្នាក់ត្រៀមប្រឡង ដូច្នេះហើយទើបធ្វើអោយពួកគេខំប្រឹងរៀនព្រឹក ល្ងាចផង និងថ្ងៃត្រង់ខំប្រឹងរៀនគួរទៀត រហូតដល់ញុំាអាហារមិនសូវគ្រប់គ្រាន់ និងសម្រាកមិនពេញលេញ ។
លោកបានបន្ថែមថា ឯអ្នកដទៃគឺភាគច្រើនជាសិស្សស្រី គឺមានភាពតក់ស្លុតទើបរោគនេះអាចចម្លងគ្នាបានដោយសារអារម្មណ៍ ពេលដែលទៅមើលដើម្បី សួរសុខទុក្ខអ្នកមុន គឺអ្នកក្រោយក៏មានអការៈបែបនេះដូចគ្នា។
បច្ចុប្បន្ន លោក អភិបាលស្រុក សុំអោយសិស្សសម្រាក២ថ្ងៃ និងផ្សព្វផ្សាយអោយសិស្ស ដែលមានអការៈដូចខាងលើ សូម មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕
Source: Kampuchea Thmey Daily
0 Comments