Ad Code

គ្រូស្នេហ៍​មន្តអាគម​អូម​អាម​ម្នាក់​ ត្រូវ​បាន​លោក​អធិការរង​ខណ្ឌ​ឫស្សីកែវ​ ប្តឹង​ទារជំងឺចិត្ត​២​ម៉ឺន​ដុល្លារ



ភ្នំពេញ​ ៖ ​លោកគ្រូ​ស្នេហ៍​មន្តអាគម​អូម​អាម​ម្នាក់​រហស្សនាម (​គ្រូ​ផេះ គ្រូ​អង្គា​ម​)​ ត្រូវ​បាន​លោក​អធិការរង​ខណ្ឌឫស្សីកែវ​ប្តឹង​ទាម​ទារជំងឺចិត្ត​នូវ​ទឹក ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ ​សហរដ្ឋអាមេរិក បន្ទាប់ពី​គ្រូស្នេហ៍​ម្នាក់​នោះ​ បង្ហោះ​ឡាយ​វីដេអូ​បរិហារ​កេរ្តិ៍​នៅ​ក្នុង​បណ្ដាញ​សង្គម​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្នូរ​របស់គាត់ ( លោក​អធិការរង​)​យ៉ាងខ្លាំង។

យោងតាម​ពាក្យបណ្តឹង​របស់លោក លឹម សេរី​សោ​ភ័​ណ្ឌ ហៅ ភ័​ណ្ឌ​អធិការរង​ខណ្ឌឫស្សីកែវ​ដែល​ដាក់​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គីឡូម៉ែត្រ​លេខ​៦ ហើយ​ភ្នាក់ងារ​ក​ម្ពុជាថ្មី​ទទួលបាន​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨ បាន​រៀបរាប់ថា ខ្លួន​សូម​ប្តឹង​គ្រូស្នេហ៍​មន្តអាគម​អូមអាម​ម្នាក់ ឈ្មោះ ណុប សក្កដា រហ​សនា (​គ្រូ​ផេះ​គ្រូ​អង្កាម )​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ រស់នៅ​ផ្លូវ​លេខ​ជាតិ​៥ ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី កែវ ពីបទ​បង្ហោះ​ឡាយ​វីដេអូរ​បរិហារ​កេរ្ដិ៍​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក កាលពី​ព្រឹក​ថ្ងៃទី​៣​ ខែធ្នូ ​ឆ្នាំ​២០១៨ ក្នុង​ហេតុការណ៍​ទំនាស់​គ្នា​មួយ​ដែល​លោក​អះអាង​ថា​ លោក​មិនបាន​នៅ​ក្នុង​ហេតុការណ៍​នោះទេ។

នៅ​ក្នុង​ពាក្យ​បណ្តឹង​បាន​រៀបរាប់​ទៀតថា កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៣ ​ខែធ្នូ​ ឆ្នាំ​២០១៨ បង​ថ្លៃ​របស់​គាត់ ឈ្មោះ​ឈឹម ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ បាន​ដុត​កន្ទុយ​សំបុត្រ ផ្ញើ​ម៉ូតូ​និង​ចុងសន្លឹក ចោល​នៅមុខ​ផ្ទះ​របស់​គាត់​ដើម្បី​ជៀសវាង​គេ​លួច​យក​ទៅ​ប្រើប្រាស់​ក្នុង​អំពើ​ទុច្ចរិត​ណាមួយ​ជាយថាហេតុ ខណៈ​នោះ​ស្រាប់តែ​លោកគ្រូ​ស្នេហ៍​អូមអាម​នោះ បញ្ជា​កូនចៅ​មក​ពន្លត់ភ្លើង​ដែល​បងថ្លៃ​ប្រុស​កំពុង​ដុត​ដោយ​ពុំបាន​សួរ​នាំ​អ្វី​ទាំងអស់ ហើយ​ថែមទាំង​យក​សំណល់​កន្ទុយ​សំបុត្រ​ដែល​មិនទាន់​ឆេះ​អស់​ទៅ​ទុក​ក្នុងផ្ទះ​របស់ខ្លួន​( លោកគ្រូ​អូមអាម​) បើទោះបី​បងថ្លៃ​របស់គាត់​ទៅសុំ​វិញ​យ៉ាងណា​ក៏​ឱ្យ​វិញ​ដែរ មិនតែប៉ុណ្ណោះ​លោកគ្រូ​ស្នេហ៍​អូមអាម​នោះបាន​ឡាយ​វីដេអូរ​ បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​គាត់​យ៉ាងខ្លាំង​ដោយ​មិនអាច​អត់អោន​ឱ្យបាន​ឡើយ ហើយ​លោក​អធិការរង​បានទាមទារ​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។​

បើ​តាម​អធិការ​រង លោក លឹម សេរី​សោ​ភ័​ណ្ឌ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា បងថ្លៃ​របស់គាត់​បាន​រក​ស៊ី​ផ្ញើ​ម៉ូតូ​នៅ​ស្ថានីយ​ទូរទស្សន៍​CTN ហើយ​កន្ទុយ​សំបុត្រ​ឬ​ចុងសន្លឹក​ដែល​នៅសល់ គឺ​យកមក​ផ្ទះ​ហើយ​ដុតបំផ្លាញ​ចោល​រាល់​មួយ​អាទិត្យ​ម្តង ដើម្បី​ជៀសវាង​ក្រែង​ជន​ខិល​លួច​យក​កន្ទុយ​សំបុត្រ​ឬ​ចុងសន្លឹក​ផ្ញើ​ម៉ូតូ​នោះ​ទៅក្នុង​បំណង​មិនល្អ​ណាមួយ​ជាយថាហេតុ។ ប៉ុន្តែ​គ្រូស្នេហ៍​អូមអាម​នោះ​បែរជា​ពន្លត់ភ្លើង​ហើយ​យក​កន្ទុយ​សំបុត្រ​និង​ចុងសន្លឹក​ផ្ញើ​ម៉ូតូ​ទៅ​ទុក​ក្នុងផ្ទះ​ហើយ​ពុំ​ព្រមឱ្យ​វិញ​សោះ មិនដឹង​មានបំណង​អី​ទេ មិនតែប៉ុណ្ណោះ បង្ហោះ​ឡាយ​វីដេអូរ​ប្រមាថកាតទាន​បង្កាច់បង្ខូច​កេរ្ដិ៍​ឈ្មោះ​គាត់​នៅលើ​បណ្តាញ​សង្គម​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​គាត់​យ៉ាងខ្លាំង ទាំង​គាត់​មិនបាន​នៅក្នុង​ហេតុការណ៍​នោះ​ផង ។​

ប្រភពពី​អ្នករស់នៅ​ជិតខាង​និយាយថា ក្នុង​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ផ្ទះ​គ្រូស្នេហ៍​នោះ​មិនមាន​ភ្ញៀវ​ចូល​អ៊ូអរ​ដូច​មុនៗ​ទៀត​ទេ ។ ការដុត​ក្រដាស​កន្ទុយ​សំបុត្រ​នោះ​ញឹកញាប់ ប្រហែលជា​គ្រូស្នេហ៍​នោះ​សង្ស័យថា ការដុត​កន្ទុយ​សំបុត្រ​នោះ​មាន​ដាក់​មន្តអាគម​អី​ដែល​ធ្វើឱ្យ​ភ្ញៀវ​គ្រូស្នេហ៍​នោះ​លែង​ចូល ទើប​គ្រូស្នេហ៍​ទៅ​ពន្លត់ភ្លើង​ហើយ​រើ កកាយ​រកមើល​ក្រែង​មាន​វត្ថុ​អី តែ​រក​មិន​ឃើញ។​

ពាក់ព័ន្ធ​នឹង​​​បញ្ហា​នោះ ភ្នាក់ងារ​សារព័ត៌មាន​​​បាន​ជួប​គ្រូ​ស្នេហ៍​មន្តអាគម​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ដោយ​គាត់​ច្រានចោល​ការចោទប្រកាន់រ​បស់​លោក​អធិការរង ហើយ​ថែមទាំង​គំរាមថា​នឹង​ជួប​ថ្នាក់លើ​ ហើយ​ដកតំណែង​អធិការរង​ក្រវាត់ចោល​ទៀតផង៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu