Ad Code

វាយ​ខ្នោះ​បាន​ម្នាក់ ​បក្ខពួក​២​នាក់​ទៀត កំពុង​រត់​គេច​ខ្លួន​ ករណី​លួច​ម៉ូតូ



រតនគិរី​ ៖​ ជន​សង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កូន​មុំ និង​កម្លាំង​អធិការ​ស្រុក​លំផាត់ ដេញ​ស្ទាក់​ចាប់​បាន ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី​១E.៤៨២៧ កាលពី​វេលា​ម៉ោង​៣​និង​៣១​នាទី​ទៀបភ្លឺ​ថ្ងៃ​ចន្ទ ១១​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សៀ ណូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​



​សមត្ថកិច្ច​នគរបាល​បន្តថា លុះដល់​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កូន​មុំ និង​កម្លាំង​អធិការ​ស្រុក​លំផាត់ បាន​ដេញ​ស្ទាក់​មុខសញ្ញា​ដល់​នៅ​ចំណុច​ភ្នំ​លលក​ស្ថិត​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ផ្តួល​ម៉ូតូ​ម៉ាក vave ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​ហើយ​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ស្រមោល។

លុះដល់​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ពួនស្ទាក់​ចាប់​ជនសង្ស័យ បាន​ម្នាក់​ឈ្មោះ ស៊ី ច​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​កន្ទុយគោ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់ C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨(​ជា​របស់​ជនរងគ្រោះ​)​នៅ​ចំណុច​ព្រាប​ស​ផ្លូវ​ចូល​ត្រពាំង​ក្រ​ពិស ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ពិតប្រាកដ​មែន រួមជាមួយ​បក្ខពួក​ខ្លួន​ចំនួន​២​នាក់​ទៀត​(​កំពុង​រត់គេចខ្លួន​)​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខេត្ត កំពុង​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក ដែល​កំពុង​រត់គេចខ្លួន ដើម្បី​យកមកអនុវត្ត​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu