Ad Code

លទ្ធផល​ប្រកួត​បើកឆាក​ពានរង្វាន់ U17,U15 និង​នារី ដែល​ធ្វើឡើង​នៅ​ខេត្ត​ព្រះវិហារ​



បាល់ទាត់ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើង​ឯក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ (U17) និង​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ (U15) និង​បាល់ទាត់​នារី ប្រចាំឆ្នាំ​២០១៨-១៩ ដោយ​ពិធី​បើក​បាន​ធ្វើឡើង​ពីថ្ងៃ​សៅរ៍ ទី​៨ ខែធ្នូ ឆ្នាំ​២០១៨​ថ្មីៗ​នេះ​ លើ​ទីលាន​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ​។​

​សម្រាប់​ប្រកួត​បើកឆាក​ក្នុង​ពានរង្វាន់ U15 គឺ ក្រុម​សាលា​តម្រង់​ទិស​វិទ្យាល័យ​ត្បែងមានជ័យ​ ព្រះ​វិហារ ចាញ់​ក្រុម​សាលា​តម្រង់​ទិស​ខេត្ត​សៀមរាប ១​ទល់​៤ លើ​ទីលាន​វិទ្យាល័យ​ត្បែងមានជ័យ​។

ចំណែក​ពានរង្វាន់ U17 វិញ ​ក្រុម​សាលា​តម្រង់ទិស​វិទ្យាល័យ​ត្បែងមានជ័យ ​ខេត្ត​ព្រះវិហារ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​សាលា​តម្រង់​ទិស​ខេត្ត​សៀមរាប ៣​ទល់​៣ លើ​ទីលាន​ជាមួយគ្នា​។ ចំណែក​ក្រុមបាល់ទាត់​នារី​កម្រិត​ទី​១ ក្រុម​ខេត្ត​បាត់ដំបង ឈ្នះ​ស្វាយរៀង ២​ទល់​១ នៅ​លើ​ទីលាន​ជា​មួយ​គ្នា​នេះ​ដែរ​។​

​នេះ​ជា​ឆ្នាំ​ទី​២ ដែល​ពានរង្វាន់​ដដែល​នេះ រៀបចំ​ឡើងវិញ​ដែល​ជា​គោលដៅ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក្នុងទិសដៅ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

យ៉ាងណាក្តី ​ក្រុម​ដែល​បាន​ចូលរួម ​គឺមាន​តំណាង​រាជធានី​-​ខេត្ត នឹង​មាន​ក្រុម​១ ​ចូលរួម​ជាដាច់ខាត​ដូច​ឆ្នាំ​កន្លងទៅ ដែល​ចេញពី​ថ្នាល ​នៃ​សាលា​តម្រង់ទិស​ប្រចាំ​រាជធានី​-​ខេត្ត​នីមួយៗ​។ សម្រាប់​កម្មវិធី​ប្រកួត​បន្ត​ នឹងធ្វើ​ឡើង​នៅ​ចុងខែ​ធ្នូ ខាងមុខនេះ ​ដោយមាន​តាម​ការកំណត់​របស់​សហព័ន្ធ​រួចរាល់​លើ​៤​ពានរង្វាន់​ផ្សេងគ្នា​នេះ​។

​គួរ​រំលឹក​ដែរ​ថា​ កាលពី​រដូវ​កាល​២០១៧-២០១៨ កន្លងទៅ​ សម្រាប់​ពាន​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ (U16) ចំណាត់ថ្នាក់​ជើងឯក​បាន​ទៅ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ជើងឯក​រង​បាន​ទៅ​ខេត្ត​ស្វាយ​រៀង និង​លេខ​៣ បាន​ទៅ​ក្រុម​ខេត្ត​កោះកុង​។ ចំពោះ​ពាន​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ (U14) វិញ ចំណាត់​ថ្នាក់​ជើងឯក​បាន​ទៅ​ក្រុម​ខេត្ត​ព្រៃវែង ហើយ​ក្រុម​ជើងឯក​រង​បាន​ទៅ​ខេត្ត​កោះកុង ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ខេត្ត​កំពង់ស្ពឺ​។

ដោយឡែក​ពានរង្វាន់​បាល់ទាត់​នារី ជើងឯក​បាន​ទៅ​ក្រុម​ខេត្តបាត់ដំបង ជើងឯក​រង​បាន​ទៅលើ​ខេត្ត​កំពង់ស្ពឺ និង​លេខ​៣​ បាន​ទៅ​ក្រុម​ខេត្ត​កំពង់ឆ្នាំង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu