កណ្តាល ៖ មុខសញ្ញាជួញដូរថ្នាំញៀនចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងចាប់ឃាត់ខ្លួន និង ដកហូតបានម្ស៉ៅក្រាមពណ៌ស សង្ស័យសារធាតុញៀនដោយខុសច្បាប់១០កញ្ចប់ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍។
កិច្ចបង្ក្រាបនេះធ្វើឡើង នៅថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៤និង០០នាទី ចំណុចផ្ទះរបស់ឈ្មោះ ប៉ាល់ សុភ័ក្រ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯកសេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ ទី
១ / ឈ្មោះ ប៉ាល់ សុភ័ក្រ ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ២ / ឈ្មោះ ហាក់ តាំងទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន – ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១០កញ្ចប់ ក្នុងនោះ ០១កញ្ចប់ធំ និង តូច ០៩កញ្ចប់។
លោកអធិការបញ្ជាក់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ហាក់ តាំងទ្រី និងឈ្មោះ ប៉ាល់ សុភ័ក្រ បានរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ ហាក់ តាំងទ្រីដែលស្ថិតនៅផ្ទះឈ្មោះប៉ាល់សុភ័ក្រ។
ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំព្រែកអំបិល សមត្ថកិច្ចនគរបាលបានបន្ដធ្វើការត្រួតពិនិត្យឆែកឆេរលំនៅឋានរបស់ឈ្មោះ ប៉ាល់ សុភ័ក្រហៅបារាំង ប្រទះឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលព្រែកអំបិល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ហាក់ តាំងទ្រី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់តូចនេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ១៥០,០០០៛ ដើម្បីយក មកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូចតម្លៃ ៣០០០០រៀល។ចំណែកឈ្មោះប៉ាល់ សុភ័ក្រហៅបារាំង បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ ២៥០,០០០រៀលដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments