សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានប្រកាសពីការដកខ្លួនរបស់ជម្រើសជាតិព្រុយណេ ក្រោមអាយុ២២ឆ្នាំ និងក្រុមជម្រើសជាតិសឹង្ហបុរីក្រោមអាយុ២២ឆ្នាំ ដោយមិនចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់បាល់ទាត់ជើងឯកយុវជនក្រោយអាយុ២២ឆ្នាំប្រចាំតំបន់អាស៊ាន AFF U22 Championship នៅឆ្នាំ ២០១៩ ដែលធ្វើឡើងក្នុងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា ឡើយ។
ដូច្នេះសរុបជារួមក្រុមដែលចូលរួមមកនោះមានពូល A គឺនៅសល់តែក្រុមជម្រើសជាតិចំនួន ៥ប៉ុណ្ណោះរួមមាន វៀតណាម ថៃ ទីម័រ ឡាវ និងហ្វីលីពិន ខណៈឯក្នុងពូល B វិញនៅសល់តែ៤ក្រុមរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
តាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។
គណៈកម្មការក៏បានកំណត់ដែលថា ក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23 ) ផងដែរ។ តាមគម្រោងក្រុមម្ចាស់ផ្ទះកម្ពុជាវិញ នឹងកោះហៅនិងប្រមូលផ្តុំកីឡាករចាប់ពីចុងសប្ដាហ៍នេះតទៅ ក្រោមការដឹកនាំពីសំណាក់លោក Felix Agustin Dalmas ដែលជាគ្រូបង្វឹក។ ចំណែកកីឡាករនឹងជ្រើសរើសយក៤០នាក់ដំបូង ហើយបន្តជម្រុះចេញយកតែ២៣នាក់មុនកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិខាងលើមកដល់។
តាមគម្រោងកាលវិភាគប្រែប្រួលចុងក្រោយនៅក្នុងប្រកួតជម្រុះតាមពូល បើកឆាកក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកុម្ភៈ ហើយបន្តប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី២០ ខែកុម្ភៈ ព្រមទាំងប៉ះក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ យ៉ាងណាក្តីថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់បើកដាក់ឱ្យទូរទស្សន៍ក្នុងស្រុកដេញថ្លៃទទួលសិទ្ធិផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះដែរ៕
Source: Kampuchea Thmey Daily
0 Comments