ក្លិបបាល់ទាត់សូលទីឡូអង្គរ ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសពីជោគជ័យនៃការនាំយកកីឡាករបរទេសម្នាក់២នាក់ ដែលក្នុងនោះធ្លាប់មានបទពិសោធន៍ប្រកបអាជីពនៅលីគកំពូលប្រទេសជប៉ុន ដើម្បីត្រៀមជួយក្រុមប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ២០១៩ ខាងមុខ។
កីឡាករបរទេសថ្មី២នាក់ដែលបង្គ្រប់កូតាកីឡាករបរទេស៥នាក់នោះមានកីឡាករKota Motoyama ជនជាតិជប៉ុន ជាអ្នកចាំទី ខណៈនេះជាលើកដំបូងហើយដែលរូបគេទទួលបានកិច្ចសន្យាចាប់អាជីពជាកីឡាករបាល់ទាត់។ ក្លិបដែលមានភាគហ៊ុនរបស់កីឡាករឆ្នើមKeisuke Honda របស់ជប៉ុននៅតែជឿជាក់កីឡាកររូបនេះនឹងសង្គ្រោះបាល់បានល្អ អំឡុងពេលប្រកួត ទោះបីជានៅខ្ចីបទពិសោធន៍ក៏ដោយ។
ចំណែកកីឡាករម្នាក់ទៀត គឺជនជាតិជប៉ុនដូចគ្នាគឺជាកីឡាករ Fumiya Kogure ដែលធ្លាប់មានបទពិសោធន៍នៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០០៨ ដល់២០១៥ ដូចជាក្លិប Abirex Niigata, Mito HolyHock, Azul Claro Numazu ខណៈនៅឆ្នាំ២០១៥ បានចេញទៅចូលរួមក្លិប Abirex Niigata Singapore ហើយនៅឆ្នាំ២០១៦ ចូលរួមជាមួយក្រុម Houng United និងនៅឆ្នាំ២០១៨ បានបន្តទៅចូលរួមជាមួយក្រុមGeylang International មុនមកដល់លីគកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ប៉ុន្តែដាច់ខាតក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ ដូច្នេះក្រុមសូលទីឡូអង្គរ មានកីឡាករបរទេសគ្រប់ចំនួនហើយដោយក្នុងនោះមានកីឡាករ Kento Fujihara,Unno Tomoyuki,Motoyama Kota,Fumiya Kogure,Yuta Kikuchi ដែលសុទ្ធជាជនជាតិជប៉ុន។
សូមបញ្ជាក់ថា ក្រុមសូលទីឡូអង្គរ កាលពីស្ថិតនៅក្រោមការដឹកនាំរបស់លោក Yuki Matsuda ដែលជាគ្រូបង្វឹកចាស់ បានឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ក្រោយរកបានជ័យជម្នះចំនួន៥ លើក ហើយធ្លាប់ស្មើ៥ លើកនិងចាញ់១២ លើកមាន២០ពិន្ទុ ដែលអាចបន្តក្នុងលីគកំពូលរដូវកាលបន្ទាប់ទៀត។
ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមសូលទីឡូអង្គរ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់គូប្រជែងក្នុងខេត្តតែមួយគឺអង្គរថាយហ្គឺរ ដោយលទ្ធផលទាំង២ជើង៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments