ភ្នំពេញ ៖ នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ពិធីអបអរសាទរ ដែលធ្វើឡើងយ៉ាងមហោឡារិកនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ ភ្លើងសង្គ្រាម និង ការបែកបាក់ជាតិទាំងស្រុងនៅចុង ឆ្នាំ១៩៩៨, កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រងនិងការដឹកនាំផងដែរ។ កងទ័ពជើងគោកក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី២៤ ខែមករា ជាថ្ងៃកំណើតរបស់ខ្លួននិងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។
ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោកមានអង្គភាពចំណុះច្រើនរហូតដល់ ១៨កងពលធំ, ៥ កងពលតូច និង ៤ វរសេនាធំ, ៤ វរសេនាតូច។ ប៉ុន្តែកងទ័ពជើងគោកបានធ្វើការកែរទម្រង់ដោយបានកែសម្រួលអង្គភាពមកនៅត្រឹម ៨ កងពលតូចនិង១វរសេនាធំ៕
Source: Kampuchea Thmey Daily
0 Comments