ភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿនជាអភិបាលខណ្ឌ តែង បានអនុវត្តការងារជាប្រចាំ ពិសេសលើការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការចាប់រថយន្តធំៗចូលរាជធានីខុសច្បាប់ រថយន្តចតមិនមានសណ្ដាប់ធ្នាប់ និងការសំអាតបរិស្ថាននៅក្នុងមូលដ្ឋានជាដើម។
ជាក់ស្ដែងនាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ រដ្ឋបាលខណ្ឌទួលគោកបានចាប់ឡាន ដឹកបន្លែ ដែលចត នៅផ្លូវជុំវិញផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរបានចំនួន ២១ គ្រឿងមកធ្វើកិច្ចសន្យា អប់រំ បានរៀបចំសណ្ដាប់ធ្នាប់ លើកំណាត់ផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ ទី១ និងការរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ នៅលើផ្លូវសហព័ន្ធ រុស្ស៊ី រួមនឹងការឃាត់រថយន្តធំចូលរាជធានីភ្នំពេញនៅលើផ្លូវទេព ផនផងដែរ។
លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានមានប្រសាសន៍អោយដឹងនៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះថា តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺលោកបានជំរុញអោយគ្រប់ខណ្ឌចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះបំពេញការងារអោយបានល្អនិងជាប្រចាំពិសេសលើការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ។ ចំពោះកិច្ចការងារនេះ សម្រាប់រដ្ឋបាលខណ្ឌទួលគោក យើងបានចុះប្រតិបត្តិការជាប្រចាំ ដូចជាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ យើងបានឃាត់រថយន្តធំចូលរាជធានីភ្នំពេញបានចំនួន២គ្រឿងនៅលើផ្លូវទេព ផន ខណៈដែលរថយន្តទាំងនេះ ធ្វើចរាចរលើដងផ្លូវ ខុសម៉ោង ខុសពេល ផ្ទុយពីការណែនាំរបស់រដ្ឋបាលរាជធានី ហើយនៅវេលាម៉ោង២រសៀល ដល់ម៉ោង១៧ ថ្ងៃដដែល គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក៏បានឃាត់ឡានដឹកបន្លែដែលចតមិនមានសណ្ដាប់ធ្នាប់ នៅផ្លូវជុំវិញផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរបានចំនួន២១មកធ្វើកិច្ចសន្យា អប់រំផងដែរ។ ក្រៅពីនេះ យើងបានកាត់ខ្សែកាប្លនៅលើផ្លូវម៉ៅ សេទុង ហើយនៅរសៀលថ្ងៃទី២៣ មករានេះយើងបានសំអាតបរិស្ថាននៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។
លោកឯក ឃុនដឿន បានបញ្ជាក់អោយដឹងទៀតថា ចំពោះការងាររៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនេះ នៅពេលយើងចុះរៀបចំម្តងៗ រដ្ឋបាលខណ្ឌទួលគោក តែងធ្វើការអប់រំ ណែនាំប្រជាពលរដ្ឋអោយពួកគាត់ចូលរួមជាមួយអាជ្ញាធរ ពិសេស កុំរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវ ការចូលរួមទុកដាក់សំរាម និងការចូលរួមសំអាតបរិស្ថានទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments