Ad Code

សម្ដេច​ក្រឡាហោម ​៖​ ទំនាក់ទំនង​ចំណងមិត្តភាព​រវាង​ប្រទេស​ កម្ពុជា និង​កូរ៉េ គឺ​មាន​ការ​រីកចម្រើន ទាំង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន ​និង​ប្រជាជន​ ក៏ដូចជា​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម



ភ្នំពេញ ៖​ សម្ដេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា​សម្តេច​បាន​កត់សំគាល់​ឃើញថា ដោយសារ​ទំនាក់ទំនង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ គឺ​មាន​ការ​រីកចម្រើន ទាំង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​ និង​ប្រជាជន ក៏ដូចជា​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

សម្តេច​ក្រឡាហោម បាន​ថ្លែង​បន្ត​ថា ក្នុង​ន័យ​នេះ ​សម្ដេច​យល់​ឃើញ​ថា ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ថែរក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ក្នុង​ការ​រក្សា​សន្តិសុខ ​សណ្ដាប់ធ្នាប់ ​ជូន​ប្រជាជន​ទាំងពីរ ដែល​បានធ្វើ​ដំណើរ​ចេញចូល​ប្រទេស​ទាំងពីរ​។​

សម្តេច​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ជំនួប​ទ្វេភាគី​រវាង សម្ដេច​ក្រឡាហោម ​ស ខេង និង​ឯកឧត្ដម Nakyoung Oh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៩ ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​ស្វែងយល់ អំពី​កម្ពុជា​ឲ្យ​បាន​ច្បាស់​ក្នុង​ការ​អភិវឌ្ឍ​​ប្រទេសជាតិ និង​ធ្វើ​ការ​គោរព អញ្ជើញ សម្ដេច​ក្រឡាហោម ស ខេង និង​គណៈ​ប្រតិភូ​​កម្ពុ​ជា ទៅ​ពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណៈ​កូរ៉េ នាពេលខាងមុខ។

សម្ដេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ជម្រាប​បញ្ជាក់​ប្រាប់​ភ្ញៀវ​ថា ក្រសួងមហាផ្ទៃ​ មាន​ភារកិច្ច​ធំៗ​២ ដើម្បី​ធ្វើការ​អភិវឌ្ឍ​​សង្គម​ជាតិ ក្នុង​នោះ​រួមមាន ការងារ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សន្តិសុខ​សាធារណៈ​ក្នុង​សង្គម​។​

ដូច្នេះ​ដំណើរ​ទស្សនកិច្ច​របស់ ​សម្ដេច​ក្រឡាហោម នៅ​សាធារណរដ្ឋ​កូរ៉េ គឺ​ដើម្បី​ដឹកនាំ​គណៈប្រតិភូ​​ ទៅ​សិក្សា​ស្វែងយល់​បន្ថែម អំពី​ការដឹកនាំ​ល្អៗ នៃ​ការងារ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​របស់​សាធារណ​រដ្ឋ​កូរ៉េ ដែល​អនុវត្តបាន​ជោគជ័យ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​កូរ៉េ​។

ជាមួយគ្នា​នោះ ចំណុច​ទី​២-ដែល​សម្ដេច​ក្រឡាហោម​ចំណាប់អារម្មណ៍​នោះ​ គឺ ការងារ​គ្រប់គ្រង​លើ​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​អនុវត្តបាន​ជោគជ័យ។​ ក្នុង​ចំណុច​នេះ សម្ដេច​បាន កត់សំគាល់​ឃើញ​ថា ដោយសារ​ទំនាក់ទំនង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ គឺមាន​ការ​រីកចម្រើន ទាំង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​ និង​ប្រជាជន ក៏ដូចជា​ការផ្លាស់ប្ដូរ​ពាណិជ្ជ​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu