ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នៅព្រឹកថ្ងៃពុធ សប្ដាហ៍នេះបានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធជនជាតិអង់គ្លេស Harley Williard មុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ ខណៈភាគីទាំង២ទើបតែបន្តកិច្ចសន្យាថ្មី ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ កន្លងទៅ។
សូមរំលឹកថា កាលពីចុងឆ្នាំ២០១៨ កន្លងទៅមានដំណឹងថាក្លិបបាល់ទាត់មួយដែលជាសមាជិកពានរង្វាន់លីគលំដាប់ទី២នៅប្រទេសស៊ុយអែត បានដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធជនជាតិអង់គ្លេសHarley Willard ម្តងរួចមកហើយ តែត្រូវលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បដិសេធពីការចាកចេញរបស់កីឡាករអឺរ៉ុបរូបនេះវិញ។
កីឡាករ Harley Willard សញ្ជាតិអង់គ្លេស មានវ័យ២១ឆ្នាំ លេងតួនាទីខ្សែបម្រើស្លាប ដោយធ្លាប់ហ្វឹកហាត់ជាមួយយុវជនថ្នាល Arsenal និង Southampton មុនពេលសម្រេចចិត្តចាកចេញពីស្រុកជាលើកដំបូងប្រកបអាជីពនៅប្រទេសស៊ុយអែត។ រូបគេបានធ្វើដំណើរមកកាន់ទឹកដីទ្វីបអាស៊ី ដំបូងដោយចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីជុំទី២នារដូវកាល២០១៨ កន្លងទៅ ដោយបង្ហាញខ្លួនបាន៩ប្រកួត និងទាត់បញ្ចូលទី២គ្រាប់។
ក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយលោក Conor Nestor ទទួលចំណាត់ថ្នាក់មិនសូវបានល្អនោះទេប្រចាំរដូវកាលនេះ ទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បើធៀបនឹងលទ្ធផលតាមឆ្នាំកន្លងមក។ យ៉ាងណានៅរដូវកាលឆ្នាំ២០១៩ខាងមុខក្លិបបានរៀបចំស្រួលបួលជាបណ្តើរៗហើយ។ ចំពោះលីគកំពូលកម្ពុជា វិញក្រោយប្រកួតបាន២២លើក ឈ្នះបាន១០លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៩លើក ឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញ ក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់អង្គរថាយហ្គីរ៕
Source: Kampuchea Thmey Daily
0 Comments