ភ្នំពេញ ៖ គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwestern Polytechnical University នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយបណ្ឌិតសភាចារ្យ Huang Wei អនុប្រធានសាកលវិទ្យាល័យ និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារួមនឹងស្វែងរកកិច្ចសហការជាមួយគ្នាកាលពីពេលថ្មីៗនេះ។
តាមប្រភពព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសកលវិទ្យាល័យ Northwestern Polytechnical University នៅរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិតសភាចារ្យ Huang Wei បានមានប្រសាសន៍ថា កាលពី២០ឆ្នាំមុន នៅពេលដែលគាត់មានបំណងមកទស្សនានៅប្រទេសកម្ពុជា នោះគាត់តែងមានការភ័យខ្លាចអំពីគ្រាប់បែក ឬគ្រោះថា្នក់ផ្សេងទៀត ប៉ុន្តែនៅពេលនេះ កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយបើសិនជានិយាយអំពីទំនាក់ទំនងកម្ពុជាចិនវិញនោះ គឺថាប្រទេសយើងទាំងពីរមានភាពល្អជាមួយគ្នាខ្លាំងណាស់ ព្រោះកាលពីគាត់នៅក្មេងមានវិទ្យុ និងទូរទស្សន៍ចិនជាច្រើនបានផ្សាយអំពីដំណើរទស្សនកិច្ចរបស់សម្តេចសីហនុនៅប្រទេសចិន។ ដូច្នេះនៅពេលនេះ យើងមិនត្រូវការត្រឹមតែទំនាក់ទំនងល្អរវាងប្រទេស និងប្រទេសនោះទេ យើងក៏ត្រូវការទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផង ដែរ។
លោកបណ្ឌិតសភាចារ្យ Huang Wei បានបន្តទៀតថា លោកនឹងមកប្រទេសកម្ពុជាម្តងទៀត ដោយនាំមកជាមួយនូវគម្រោងផ្សេងៗដើម្បីអនុវត្តរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយតាមរយៈរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យរបស់គាត់អាចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណជា១០០នាក់ក្នុង១ឆ្នាំ ដោយអាហារូបករណ៍នោះនឹងផ្តល់ជូនការបង់ថ្លៃសិក្សា ការស្នាក់នៅ នឹងប្រាក់ហោប៉ៅសម្រាប់ការរស់នៅចំនួន ៣៥០០យន់ (ស្មើនឹង ៥១៦ដុល្លារអាម៉េរិក)។
ក្រោយបញ្ចប់ជំនួបពិភាក្សានោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងធ្វើកិច្ចសហការប្រតិបត្តិការជាមួយគ្នាលើការសិក្សាអំពីនាវាចរណ៍ ការសិក្សាអំពីអាកាសចរណ៍ និងការនាំយកនាំបច្ចេកវិជ្ជាទំនើបមកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសជូននិស្សិតកម្ពុជាបានសិក្សា និងពង្រីកសមត្ថភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments