Ad Code

ប្រតិភូ​តំណាង​សហព័ន្ធ និង​សមាគម​និយោជក​មកពី​ប្រទេស​ចំនួន​១៧​មក​ស្វែងយល់​និង​ចែករំលែក​ស្ថានភាព​ការងារ​នៅ​កម្ពុជា



ភ្នំពេញ​ ៖ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង​សមាគម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ក្រៅប្រទេស និង​ភាពជា​ដៃគូ​ប្រកបដោយ​និរន្តរភាព (AOTS)​កាលពី​ល្ងាច​ថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០១៩​ បាន​រៀបចំ​កម្មវិធី​ជួបជុំ​មួយ​នៅ​សណ្ឋាគារ​ភ្នំពេញ​ដោយមាន​ប្រតិភូ​តំណាង​សហព័ន្ធ និង​សមាគម​និយោជក​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ចំនួន​១៧​ចូលរួម រួមមាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ឡាវ ម៉ាឡេស៊ី មិច​ស៊ី​កូ ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ បង់​ក្លា​ដេ​ស ប៉ា​គី​ស្ថាន ស្រីលង្ការ ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។

​លោក​បណ្ឌិត ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ ឲ្យមាន​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​សិក្សា​ស្វែងយល់ ប្រៀបធៀប និង​ធ្វើការ​ចែករំលែក​ស្ថានភាព​ការងារ​របស់​ប្រទេស​នីមួយៗ ដើម្បី​ឲ្យ​អ្នកចូលរួម​អាចមាន​ចំណេះដឹង​អំពី​ទំនាក់ទំនង​វិជ្ជាជីវៈ ការគ្រប់គ្រង​ធនធានមនុស្ស ប្រព័ន្ធ​គ្រប់គ្រង​ការងារ​ត្រីភាគី​។

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា វេទិកា​នេះ ពិតជា​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើត​នូវ​ឱកាស​ដល់​ការ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ ព្រមទាំង​រឹត​បន្តឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​សមាគម​និយោជក​នៅក្នុង​តំបន់ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កម្មវិធី បណ្តាញ​ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​ឡើង​។ វេទិកា​នេះ ទៀតសោត​ក៏​នឹង​ផ្តល់​ឱកាស​ឲ្យ​ម្ចាស់​អាជីវកម្ម​កម្ពុជា អាច​កសាង​បណ្តាញ​ទំនាក់ទំនង និង​ស្វែងរក​ដៃគូ​សហការ​វិនិយោគ នា​ពេល​អនាគត​ពី បណ្តា​ប្រទេស​ចូលរួម​ទាំងនេះ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​កម្ពុជា កំពុង​បន្ត​អភិវឌ្ឍ​ប្រទេសជាតិ​ឆ្ពោះទៅ​ពេលខាងមុខ​ប្រកបដោយ​សុទិដ្ឋិនិយម ដោយ​ផ្អែកលើ​កត្តា​មួយចំនួន​រួមមាន ៖ ទី​១-​កត្តា​ខាងក្នុង សន្តិភាព និង​ស្ថេរភាព ជា​គន្លឹះ​សម្រាប់​ការវិនិយោគ និង​ជំរុញ​ដោយ​កត្តាផលិតកម្ម​។

ទី​២- ការ​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង វិជ្ជាជីវៈ ជា​ក៏​កត្តា​ទាក់ទាញ​វិនិយោគទុន​បរទេស និង​ការ​ឈោង​ចាប់​យក ចំណែក​ទីផ្សារ​សកលលោក ដែល​និយម​ប្រើប្រាស់​ផលិតផល​ចេញពី​ប្រភព ពី​ប្រទេស​ដែល​គ្មាន​ការ​រំលោភបំពាន​សិទ្ធ​កម្មករ តាម​បទដ្ឋាន​អន្តរជាតិ​។



ទី​៣- កត្តា​ខាងក្រៅ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​បន្ត​មាន​ភាព​មិន​ប្រាកដប្រជា​កាន់​តែ​មាន​ភាព​ស្មុគស្មាញ និង​ប្រែប្រួល​ឆាប់រហ័ស​ដោយសារ​ការ​កើតឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម ការដំឡើង​អត្រា​ការប្រាក់​ការ​កើនឡើង​ថ្លៃ​ប្រេង និង​កំណើន​យឺត​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ជាដើម​។ ក្នុង បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​កែទម្រង់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការកាត់បន្ថយ​បែបបទ​ពាណិជ្ជកម្ម ថ្លៃ​សេវា​រដ្ឋបាល និង​ថ្លៃ​អគ្គិសនី ជាដើម​។



លោក​បណ្ឌិត​អ៊ិត​ សំហេង​ បាន​បន្ថែម​ថា ​ទន្ទឹម​នេះ​ការ​កើតមាន​ឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដោយសារ​ការ​រីកចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស កំពុង​ជះឥទ្ធិពល​ដល់​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ទៅលើ​របៀបរបប​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម និង​ការងារ​គ្រប់​ប្រភេទ​។ ស្ថិតក្នុង​បរិការណ៍​នេះ ដើម្បី​បន្ត​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង កម្ពុជា​ប្តេជ្ញា​ខិតខំ​អនុវត្ត​ឱ្យ បាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​ដែល​បាន​ដាក់ចេញ​កន្លងមក ជាពិសេស​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អភិឌ្ឍន៍​ឧស្សាហកម្ម គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ និង​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ក្តី​ប្រាថ្នា​របស់​កម្ពុជា ក្នុងការ​ប្រែក្លាយ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu