Ad Code

សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ផលិត​ស្ករស​ទៅជា​ស្ករ​ត្នោត​ផ្សំ​និង​សាច់ជូរ​ខុសច្បាប់ ​នៅ​ក្រុង​ប៉ោយប៉ែត



បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ចំរុះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត និង​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​បង្ក្រាប​ទីតាំង​មួយកន្លែង​ផលិត​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ផ្សំ​ចេញពី​វត្ថុ​៤​យ៉ាង ទី​១​ស្ករត្នោត​ពិត ទី​២​ស្ករស ទី​៣​សាច់ជូរ កូរ​រំងាស់​បញ្ចូល​គ្នា​ជាង​២​ម៉ោង ទើប​ក្លាយជា​ស្ករត្នោត ដឹក​យក​ទៅ​លក់​ចែកចាយ​តាម​តម្រូវការ​របស់​អាជីវករ​តាម​ទីផ្សារ ស្ថិត​ក្នុងភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់ខ្លួន ម្ចាស់ផ្ទះ​នាំ​យក​ទៅ​សាកសួរ​បន្ត នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​ដោយសារ​សរសៃ​ខ្ចី មានកូន​តូច ត្រូវបាន​លោក​ព្រះរាជអាជ្ញា​រង មិន​ឲ្យ​ហៅ​ទៅ​សាកសួរ​នោះ​ទេ ប៉ុន្តែ​ត្រូវ​រក​កន្លែង​ឲ្យ​ស្នាក់​ជា​បណ្តោះអាសន្ន។



លោក​ចាប ​សុ​ផា​ឫទ្ធិ​ ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ទទួល​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ម្ចាស់​សិប្បកម្ម​មានឈ្មោះ​ផៃ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ​សុខ ម៉ី អាយុ​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ លោក​ចាប ​សុ​ផា​ឫទ្ធិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មុន​នឹង​ចុះបង្ក្រាប​នោះ​មាន​អ្នក​នៅ​ជិតខាង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា ​មាន​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​១​កន្លែង​ម្ចាស់​ទីតាំង​តែងតែ​ចាក់​បំពង​សម្លេង​បទ​ចម្រៀង​ដើម្បី​ឮ​សម្លេង​រំខាន​ដល់​អ្នកជិតខាង​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​រាល់​សកម្ម​ភាព​ផលិត​ស្ករត្នោត​ក្លែងក្លាយ​របស់​គេ​ ទើប​សមត្ថកិច្ច​ចុះបង្ក្រាប​តែម្តង​។



លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅក្នុង​ផ្ទះ​ផលិត​ស្ករត្នោត​នោះ​គេ​ឃើញ​មាន​ខ្ទះ​សម្រាប់​រំងាស់​ស្ករ និង​ឧបករណ៍​ផ្សេងៗ​រួម​ទាំង​គ្រឿងផ្សំ​មួយ​ចំនួនទៀត​ទីតាំង​ផលិត​ហាក់​ពុំមាន​អនាម័យ​ត្រឹមត្រូវ​ទេ​។​ ក្នុង​នោះ​ម្ចាស់​សិប្បកម្ម​បាន​សារភាពថា​ ខ្លួន​បាន​ផលិត​ស្ករត្នោត​នេះ​ប្រហែល​៨​ឆ្នាំ​មកហើយ ពោលគឺ​បន្ត​របរ​នេះ​ពី​ឪពុក​ម្តាយ​ត​មកហើយ​ការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ផ្សំ​ចេញពី​វត្ថុ​៤​យ៉ាង ទី​១​ស្ករត្នោត​ពិត ទី​២​ស្ករស ទី​៣​សាច់ជូរ កូរ​រំងាស់​បញ្ចូល​គ្នា​ជាង​២​ម៉ោង ទើប​ក្លាយជា​ស្ករត្នោត ដឹក​យក​ទៅ​លក់​ចែកចាយ​តាម​តម្រូវការ​របស់​អាជីវ​ករ​តាម​ទីផ្សារ​តែម្តង​។



លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ទីតាំង​ផលិត​ស្ករត្នោត​នេះ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ហើយ​បានធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ​តែម្តង ​ហើយ​ម្ចាស់​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu