Ad Code

ភូមិ​ធម្មជាតិ​រុន​តា​ឯក​ទទួលបាន​អគារសិក្សា​ថ្មី​មួយ​ខ្នង​ពី​អង្គការ ARK Beautiful Earth of Children នៃ​ប្រទេស​ជប៉ុន



សៀមរាប​ ៖​ សាលាបឋមសិក្សា​ថ្មី​មួយ​ខ្នង ដែល​ស្ថិតនៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯកនៃ​សាលាបឋមសិក្សា​ជាលា​ធំ ត្រូវ​បាន​សម្ពោធ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​លោក ខូ​យ គឹម​ទួ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា​និង​ជា​តំណាង​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា មន្ត្រី បុគ្គលិក ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក​លោក ម៉ី ម៉ា​រ៉ា​ឌី អនុប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ប្រចាំ​ស្រុក​បន្ទាយស្រី តំណាង​ម្ចាស់ជំនួយ​នៃ​អង្គការ ARK Beautiful Earth of Children លោក Kiyoshi MATSUMOTO លោកគ្រូ​អ្នកគ្រូ​ប្រជាជន សិស្សានុសិស្ស ព្រះសង្ឃ និង​អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​៥០០​នាក់​។



មានប្រសាសន៍​ក្នុង​ពិធី​នោះ លោក ខូ​យ គឹម​ទួ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាណាព្យាបាល​សិស្ស ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នេះ និង​តំណាង​ម្ចាស់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជន​ជប៉ុន​តា​រយៈ​អង្គការ ARK Beautiful Earth of Children​។ លោក​បាន​បន្ត​ថា ការចូលរួម​នៅពេលនេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​លើ​ការអប់រំ​ដល់​បុត្រាបុត្រី តាមរយៈ​បញ្ជូន​កូន​ទៅ​សាលាបឋមសិក្សា​ជាលា​ធំ ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​រុន​តា​ឯក ក៏ដូចជា​សាលា​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។



លោក​បន្តទៀតថា ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ​ដែល​ជា​កិច្ច​ការសំខាន់​មួយ​របស់​យើង​គ្រប់គ្នា​ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​។ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិច្ចសហការ​ល្អជា​មួយ​បណ្តា​ប្រទេស​ជាច្រើន និង​ទាំង​ថ្នាក់​ជាតិ ថ្នាក់​អន្តរជាតិ​តាមរយៈ​ការ​ជួយ​គាំទ្រ​ជា​សម្ភារៈ ថវិកា និង​ស្មារតី ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​អប់​រំជា​បន្តបន្ទាប់ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ពលរដ្ឋ និង​លើកកម្ពស់​ធនធានមនុស្ស​ជា​ចាំបាច់​។

អ្នកគ្រូ ភឿ​ម យ៉េ​ង នាយិកា​សាលាបឋមសិក្សា​ជាលា​ធំ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១០ សាលា​ជាលា​ធំ​បាន​ចាប់​ផ្តើម​បើក​បង្រៀន​មួយ​ថ្នាក់ នៅក្នុង​រោងដោល ដែលមាន​សិស្ស​សរុប​ចំនួន​២០​នាក់​។ អ្នកគ្រូ​បាន​បន្ថែម​ថា ដោយសារ​មានការ​គិតគូរ និង​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ដឹកនាំ​ផ្ទាល់​របស់​ក្រុមការងារ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​សង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​៥​បន្ទប់​នៅ​ឆ្នាំ​២០១២​។



អ្នកគ្រូ យ៉េ​ង បន្ត​ថា ដោយ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ទទួល​បាន​ប្រជាជន​មក​រស់នៅ​កាន់​តែ​ច្រើន កំណើន​ចំនួន​កុមារ​ដែល​ត្រូវការ​អប់រំ​ក៏​មាន​ច្រើន​ដែល​ជា​កង្វល់​របស់​យើង​គ្រប់គ្នា​។ ថ្មីៗ​នេះ ក្រោម​ការដឹកនាំ​របស់​លោក ម៉ី ម៉ា​រ៉ា​ឌី ជា​ប្រធាន​គម្រោង​បាន​សាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​បន្ថែមទៀត​មាន​៥​បន្ទប់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ដៃគូ​អភិវឌ្ឍន៍​ភាគី​ជប៉ុន​។

លោក Kiyoshi MATSUMOTO តំណាង​ឲ្យ​អង្គការ ARK Beautiful Earth of Children មានប្រសាសន៍ថា បេតិកភណ្ឌ​វប្បធម៌​អង្គរ គឺជា​បេតិកភណ្ឌ​ពិភពលោក​មួយ​ដ៏​សំខាន់​បំផុត​ហើយ​មានតម្លៃ​ខ្ពស់​សម្រាប់​ពិភពលោក​។ កុមារ​ដែល​មាន​ដើមកំណើត និង​ធំធាត់​នៅក្នុង​តំបន់​បេតិកភណ្ឌ​គួរតែ​បាន​នូវ​ការអប់រំ​ជាមួយ​បេតិកភណ្ឌ​វប្បធម៌​របស់​គាត់ និង​ដើម្បី​អភិវឌ្ឍ​អនាគត​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​។ លោក​បន្ថែម​ថា ការចូលរួម​សង់​អាគារ​សិក្សា​ថ្មី​នេះ ជា​កិត្តិយស​ដ៏​អស្ចារ្យ​របស់​លោក ដែល​អាច​ធ្វើ​សហប្រតិបត្តិការ​ដើម្បី​កែលម្អរ​ស្ថានភាព​អប់រំ​របស់​កុមារ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរឡើង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu