ភ្នំពេញ ៖ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា កិច្ចសហការរវាងចិននិងកម្ពុជាគឺជាការគោរពគ្នានិងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយលោកបានចាត់ទុកសម្តេចតេជោនាយករដ្ឋមន្ត្រីគឺជាមិត្តភក្តិចាស់នៃប្រជាពលរដ្ឋចិននិងបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តរបស់ចិនលើកដំបូងដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩ ដោយលោកនាយករដ្ឋមន្ដ្រីសន្យាជំរុញឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែប្រសើរឡើងថែមទៀត។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបទ្វេភាគីរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។
លោកលី ខឺឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្ត្រីចិនបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានគាំទ្រពីប្រជាជនក្នុងការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនិងបានលើកឡើងថា កិច្ចសហការរវាងចិននិងកម្ពុជាគឺជាការគោរពគ្នានិងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចមកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបត្តិការនិងមិត្តភាពប្រទេសទាំងពីរផងដែរ។ សម្តេចតេជោក៏បានអរគុណលោក លី ខឺឈាង ដែលបានសម្តែងការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជានិងរូបសម្តេចផ្ទាល់ដែលទទួលបានជោគជ័យពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូននាយករដ្ឋមន្ត្រីចិនអំពីស្ថានភាពនយោបាយនិងសង្គមនៅកម្ពុជាដោយសម្តេចតេជោបានលើកឡើងថា ស្ថានការណ៍នយោបាយនិងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨រក្សាកំណើនប្រមាណជាង ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណប្រទេសចិនដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងទៅនេះ។ សម្តេចតេជោក៏បានអរគុណរដ្ឋាភិបាលចិនដែលបានគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងជំនួបរវាងសម្តេចនិងលោកប្រធានាធិបតី ស៊ី ជីនពីង បានផ្តល់កូតានាំអង្ករកម្ពុជាចូលប្រទេសចិនពី៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ សម្តេចតេជោបន្តថា ការបង្កើនកូតានេះគឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។
សម្តេចតេជោបានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជសេរីរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោបានបន្តទៀតថា ជំនួយសន្ធឹកសន្ធាប់ពីប្រទេសចិនដល់ប្រទេសកម្ពុជា គឺបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាហើយជំនួយនេះបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។
សម្តេចតេជោក៏បានអំណរគុណចិន ដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០១៨។ សម្តេចបានលើកឡើងទៀតថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ជំរុញពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍។ សម្តេចតេជោបន្តថា មានគម្រោងជាច្រើនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវាត់និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាដែលធនាគារចិនអាចគាំទ្រផ្នែកហិរញ្ញប្បទាន។ ការគាំទ្រដល់គម្រោងនោះគឺជាការនាំមកនូវប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ សម្តេចតេជោរំពឹងថា ប្រទេសទាំងពីរនឹងមានគម្រោងជាច្រើនទៀតស្ថិតនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនិងនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោបានជម្រាបជូនសមភាគីចិនថា លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ ៤ពាន់លានយ័ន (ប្រមាណជិត ៦០០ លានដុល្លារ) ដល់កម្ពុជាសម្រាប់រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវគម្រោង ៦សំខាន់ៗពាក់ព័ន្ធប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងបណ្តាញអគ្គិសនី និងស្នើឲ្យចិនគាំទ្រគម្រោងសំខាន់ៗទាំង៦នេះ។ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរីសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីទាំងពីរពិនិត្យនិងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យចិនបន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ព្រោះប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀតនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិនដែលបានជួយកម្ពុជានាពេលកន្លងមកហើយសម្តេចក៏បានស្នើឲ្យចិនបន្តជួយលើវិស័យនេះបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានស្នើឲ្យចិនជួយជួសជុលប្រាសាទបុរាណនៅកម្ពុជា ហើយអរគុណដល់ចិនដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត២ពាន់នាក់កំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចតេជោក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃធនធានមនុស្សសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការចូលចតរបស់នាវារបស់ចិននៅខេត្តព្រះសីហនុចំនួន៣លើកនៅក្នុងឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោក៏បានអរគុណលោក លី ខឺឈាង ចំពោះការផ្តល់ជំនួយ ៨៤០លានយ័នសម្រាប់វិស័យយោធានាពេលកន្លងទៅនេះ។ សម្តេចតេជោបានបង្ហាញពីការចង់ឃើញរដ្ឋាភិបាលចិនបន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរសម្រាប់ការគ្រប់គ្រងសន្តិសុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគោរពអញ្ជើញលោក លី ខឺឈាង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។
លោក លី ខឺឈាង បានថ្លែងថា ចិនចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តរបស់ចិន។ បច្ចុប្បន្ននេះទោះបីមានការប្រឈមនឹងសម្ពាធពីខាងក្រៅយ៉ាងណាក្តី តែកម្ពុជាគឺជាកន្លែងអភិវឌ្ឍន៍ដ៏ល្អ។ រដ្ឋាភិបាលចិននឹងបង្កើនការនាំចូលអង្ករពីកម្ពុជាដើម្បីជួយដល់កម្ពុជា។ រីឯគម្រោងជួសជុលប្រាសាទព្រះវិហារនិងប្រាសាទផ្សេងៗទៀត កម្ពុជានិងចិនអាចបន្តសហការគ្នា។ ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ ហើយសង្ឃឹមថាកម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិននិងបណ្តាប្រទេសផ្សេងៗទៀត។ លោកនាយករដ្ឋមន្ត្រីចិនក៏បានស្នើឲ្យកម្ពុជានិងចិនបន្តប្រើប្រាស់យន្តការដែលមានរួចមកហើយ យន្តការទ្វេភាគី និងយន្តការតំបន់។ ពាក់ព័ន្ធនឹងការស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ លោកនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍ថា ភាគីទាំងពីរនឹងចាប់ផ្តើមពិភាក្សារួមគ្នាក្នុងពេលវេលាសមស្របណាមួយ ហើយនៅខែមេសា ឆ្នាំ២០១៩ ខាងមុខ លោកនឹងមានដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប ដែលក្នុងដំណើរនេះនឹងមានការពិភាក្សាជាមួយភាគីសហគមន៍អឺរ៉ុបអំពីបញ្ហាអឺរ៉ុប និងអាស៊ានដែលជាបញ្ហាសំខាន់។ កម្ពុជានិងចិនអាចធ្វើការរួមគ្នាដើម្បីជួយដល់ក្រុមហ៊ុននានាដែលកំពុងវិនិយោគនៅកម្ពុជា។ លោកលី ខឺឈាង បានថ្លែងទៀតថា លោកនឹងរកពេលវេលាសមស្របណាមួយទៅបំពេញទស្សនកិច្ចនៅកម្ពុជា។
បន្ទាប់ជំនួបកំពូលទ្វេភាគីដែលចំណាយពេលប្រមាណ១ម៉ោងរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកលី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨។
ឯកសារទាំងនោះរួមមាន ៖
ទី១.លិខិតប្តូរសារស្តីពីគម្រោងកែលំអផ្លូវជនបទជំហានទី២។
ទី២.លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជនបទជំហានទី២។
ទី៣. លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ។ ឯកសារទាំងបីនេះចុះហត្ថលេខារវាង លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី៤.លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងអគារអង្គរក្សនៃទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខារវាងលោកវង្សី វិស្សុត ជាមួយលោក ជុង សាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ទី៥.លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ដែលរងការខូចខាតដោយទឹកជំនន់ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
ទី៦.លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគំរោងជួសជុលប្រាសាទតាកែវចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយលោក ជុង សាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
ទី៧.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារចុះហត្ថលេខារវាងលោក វង្សី វិស្សុត ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណអាហរ័ណចិន។
ទី៨.កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគក្រោមយុទ្ធសាស្ត្រចតុកោណនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយលោក យី ហួយម៉ាន ប្រធានធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន៕
Source: Kampuchea Thmey Daily
0 Comments