ភ្នំពេញ ៖ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញនិវត្តន៍មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល៣ថ្ងៃប្រកបដោយលទ្ធផលជាវិជ្ជមាន។
ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាទទួលបានជំនួយឥតសំណងពីប្រទេសចិនជិត៦០០លានដុល្លារសម្រាប់ការអភិវឌ្ឍរយៈពេល៣ឆ្នាំ។ កម្ពុជាទទួលបានកូតានាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤០ ម៉ឺនតោន ជាមួយនេះមេដឹកនាំប្រទេសទាំងពីរបានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ១០លានដុល្លារនៅឆ្នាំ ២០២៣។ ពាក់ព័ន្ធវិស័យឯកជនក្រុមហ៊ុនធំៗរបស់ចិនចំនួន៣បានបង្ហាញពីគ្រោងវិនិយោគថ្មីបន្ថែមទៀត នៅកម្ពុជាដូចគម្រោងថាមពលស្អាត(ថាមពលព្រះអាទិត្យ)។
ការសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីភ្នំពេញទៅហុងកុង។ ការកសាងបំពង់បង្ហូរប្រេងនិងឧស្ម័នពីក្រុងព្រះសីហនុមកភ្នំពេញ។ ការជំរុញសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទីក្រុងព្រះសីហនុ។ ការស្ថាបនាផ្លូវលេខ១៥-៥១ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីចិនរយៈពេល ៣ ថ្ងៃនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែនបានជួបសំដែងការគួរសមជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន,ពិភាក្សាការងារទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន,ជួបសំដែងការគួរសមជាមួយ លោក វ៉ាង យ៉ាង ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន, ជួបសំដែងការគួរសមជាមួយលោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និង អនុញ្ញាត ឲ្យលោកសុង តាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន, លោកស្រី GuXiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិនលោក ឆេន ស៊ីឈីង (Chen Siqing), ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Comrp oration CRBC), ក្រុមហ៊ុនវិស្វកម្មនិងដែកថែបចិន, ក្រុមហ៊ុន ហួណេង គ្រុប ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។ ក្រៅពីនេះសម្តេចតេ ជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសចិន និង បានអញ្ជើញទស្សនាពិព័រណ៍រូបថតស្តីពីខួប៤០ ឆ្នាំនៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចូលរួមនៅក្នុងវេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ចិន ផងដែរ។
នៅក្នុងជំនួបជាមួយបណ្តាមេដឹកនាំកំពូលៗរបស់ចិន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលយ៉ាងរាក់បំផុត ដោយបានចាត់ទុកថា ជាមិត្តចាស់ មិត្តដ៏ស្មោះត្រង់ និង ជាមិត្តដៃថែប របស់រដ្ឋាភិបាលនិងប្រជាជនចិន។ ជាមួយភាពជាមិត្តនេះមេដឹកនាំចិនសុទ្ធតែបានបង្ហាញនូវការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា,ចិនគាំទ្រដល់ប្រទេសកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍដែលប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចដោយជំរុញធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។ ដោយភ្ជាប់មកជាមួយនូវការផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន ការផ្តល់កូតានាំ ចេញទំនិញ ការជំរុញទំហំពាណិជ្ជកម្ម ការជំរុញវិនិយោគ និង ទេសចរចិនមកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីការគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិនជាពិសេសនយោបាយចិនតែមួយ។ នៅក្នុងជំនួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាផងដែរទៅលើការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលជាចំណុចសំខាន់មួយក្នុងការនាំចេញនូវទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនឲ្យ កាន់តែទូលាយថែមទៀត។
លើវិស័យសន្តិសុខជាតិភាគីទាំងពីរកម្ពុជាចិនបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និង រាល់សកម្មភាពខុសច្បាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មអ៊ីនធើណែត ការជួញដូរគ្រឿងញៀន និង ការជួយកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានកំណត់យកឆ្នាំ ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់នៃប្រទេសទាំងពីរ។
ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពយកឆ្នាំ ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍នៃប្រទេសទាំងពីរ។
ទាក់ទងបញ្ហាបរិស្ថានភាគីទាំងពីរបានឯកភាពបង្កើតឲ្យមានមជ្ឈមណ្ឌលកិច្ចសហការបរិស្ថានកម្ពុជា ចិន នៅក្នុងកម្រិតតំបន់និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលបានធ្វើទស្សនកិច្ចដំបូងគេទៅកាន់ប្រទេសចិននៅក្នុងឆ្នាំ២០១៩ ក្នុងខណៈពេលដែលប្រទេសចិន កំពុងជាប់រៀបចំខ្លួនទទួលឆ្នាំថ្មី (ចូលឆ្នាំចិនរបស់ខ្លួននៅទូទាំងប្រទេស)។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី៦របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសចិន ក្រៅពីទស្សនកិច្ចផ្លូវការសម្តេចតេជោ ហ៊ុន សែន ក៏នៅបានបំពេញទស្សនកិច្ចការងារចំនួន ៦ ដងផងដែរទៅកាន់ប្រទេសចិន។
តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយឥតសំណងចំនួន៤០០០លានយ័ន ស្មើប្រមាណ ៦០០ លានដុល្លារសម្រាប់ការអភិវឌ្ឍកម្ពុជារយៈពេល៣ ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និង បានប្រកាសទិញ អង្ករពីកម្ពុជាឲ្យបាន ៤០ ម៉ឺនតោននៅឆ្នាំ២០១៩ និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិនទៅវិនិយោគនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះចិននិងកម្ពុជាបានចុះកិច្ចព្រមព្រៀងលើឯកសារនិងអនុស្សរណៈនៃការយោគយល់ គ្នាចំនួន៨ផងដែរ។ ឯកសារនៃកិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន ទី១.លិខិតប្តូរសារស្តីពីគម្រោង កែលំអផ្លូវជនបទជំហានទី២។ ទី២. លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២។ ទី៣.លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ។ ទី៤. លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងអគារអង្គរក្សនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ទី៥.លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ដែលរងការខូចខាតដោយទឹកជំនន់។ទី៦. លិខិតបញ្ជាក់ការប្រគល់ទទួល ស្តីពីគម្រោងជួសជុលប្រាសាទតាកែវ។ ទី៧. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារនិងទី៨.កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគក្រោមយុទ្ធសាស្ត្រចតុកោណនិងគំនិតផ្តួចផ្តើមខ្សែក្រវាតនិងផ្លូវ។
ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២១ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគធំៗចំនួន៣របស់សាធារណរដ្ឋប្រជាមានិតចិនចូលជួបសំដែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារមួយចំនួនដែលក្រុមហ៊ុនបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាដាច់ៗដោយឡែកពីគ្នា។
ក្រុមហ៊ុនទាំងបី ដែលអញ្ជើញជួបសំដែងការគួរសមសម្តេចតេជោនាយករដ្ឋមន្ត្រីនៅពេលនោះ ទី១. ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC),ទី២.ក្រុមហ៊ុនវិស្វកម្មនិងដែកថែបចិនដឹកនាំដោយលោក ស៊ូ ស៊ីវេ (XuSiwei) ប្រធានក្រុមប្រឹក្សាភិបាលនិងទី៣.ក្រុមហ៊ុនវិនិយោគវារីអគ្គិសនីសេសានក្រោម២ហួណេងគ្រុបដឹកនាំដោយលោកបណ្ឌិត ស៊ូ យីនពាវ (ShuYinbiao)ប្រធានក្រុមប្រឹក្សាភិបាល។
ក្នុងជំនួបពិភាក្សាគ្នានោះ ក្រុមហ៊ុនវិនិយោគទាំងបីបានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគ ទាំងបីក្នុងប្រទេសកម្ពុជានិងផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ។
ក្នុងនោះសម្រាប់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនបានជម្រាបជូនសម្តេចតេជោថា សម្រាប់ពេលខាងមុខក្រុមហ៊ុននឹងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ,ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង។
ដោយឡែកក្រុមហ៊ុនវិស្វកម្មនិងដែកថែបចិនបានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនក៏មានគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីភ្នំពេញទៅហុងកុង ដើម្បីប្រព័ន្ធអ៊ីនធើណែត របស់កម្ពុជាកាន់តែមានល្បឿនលឿនជាងមុន។
ចំណែកក្រុមហ៊ុន ហួណេង គ្រុប ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសានក្រោម២ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីពីគម្រោងនៃការសិក្សានិងវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា។
ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ។ កាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១០កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាចិនត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ កម្ពុជា ចិន បានឯកភាពគ្នារៀបចំសកម្មភាពអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធមបំផុត កាលពីឆ្នាំ២០១៨។
នៅក្នុងសករាជថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជាចិន បានធ្វើការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមកក្នុងនោះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងបំពេញព្រះរាជាទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនចំនួន១១ លើកចាប់តាំងពីខែសីហាឆ្នាំ ២០០៥ រហូតដល់ខែកញ្ញានិង ខែតុលា ឆ្នាំ២០១៨។ សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងអញ្ជើញបំពេញទស្សនកិច្ចការងារចំនួន ១២ លើកចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៧ ក្នុងនោះបំពេញទស្សនកិច្ចផ្លូវការចំនួន៦លើកនិងបំពេញទស្សនកិច្ចការងារចំនួន៦លើក។
ដោយឡែកថ្នាក់ដឹកនាំចិនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការនៅកម្ពុជាក្នុងនោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៦ និង លោក នាយករដ្ឋមន្ត្រីចិន លី ខឺឈាង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជានៅថ្ងៃទី១១ ខែមករាឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចេញសេចក្តីប្រកាសរួមនឹងបានចុះហត្ថលេខាលើឯកសារចំនួន១៩ លើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពលនិងសុខាភិបាល ។ លើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន មេដឹកនាំនៃប្រទេសទាំងពីរមានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ ប៊ីលានដុល្លារនៅឆ្នាំ២០២៣។ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានជិត ៧០០០ លានដុល្លារនាឆ្នាំ២០១៨។
ក្នុងនោះនៅឆ្នាំ២០២៣ខាងមុខភាគីទាំងពីរមានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់១០ប៊ីលានដុល្លារ។ លើវិស័យវិនិយោគទុនក្នុងឆ្នាំ២០១៨កន្លងទៅវិនិយោគទុនចិននៅកម្ពុជាមានទឹកប្រាក់ ២.៨២២លានដុល្លារជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមវិនិយោគទុនបរទេសក្នុងនោះរួមមានវិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្ម កៅស៊ូនិងវិស័យសំណង់និងរោងចក្រធ្យូងថ្ម។ លើវិស័យទេសចរណ៍ពីខែមករារហូតដល់ខែតុលាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ មានអ្នកទេសចរចិនមកកម្សាន្តក្នុងប្រទេសកម្ពុជា មានចំនួន ១.៦២៨.៨៤៦ នាក់។ ទេសចរចិនមកទស្សនាកម្ពុជាអាចនឹងកើនដល់ប្រមាណ២លាននាក់ក្នុងឆ្នាំ២០២០។
បច្ចុប្បន្នមានអាកាសចរណ៍ ចំនួន១៥ ក្នុងនោះក្រុមហ៊ុនកម្ពុជាចំនួន៣កំពុងដំណើរការហោះហើរត្រង់ពីចិនមកកម្ពុជាចំនួន១៥៥ជើងក្នុងមួយសប្តាហ៍។ លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវ កម្ពុជាចិនបានចុះហត្ថលេខាលើចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការផ្លូវសូត្រ និង កិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៧នៅទីក្រុងប៉េកាំងប្រទេសចិន។
លើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសចិនបានរួមចំណែកផ្តល់ឥណទានកម្ចីក្នុងការកសាងផ្លូវដែលសាងសង់រួចមាន២៣ខ្សែប្រវែងជាង២.៣០០គីឡូម៉ែត្រប្រើប្រាស់ថវិកាប្រមាណ ១.៣០០លានដុល្លារ និង ផ្លូវកំពុងសាងសង់មាន ៦ ខ្សែ ប្រវែង៦០០ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៤៩០លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ៧ ប្រវែង៦.៨២៤ម៉ែត្រ ក្នុងនោះរួមមានស្ពានជ្រោយចង្វារ តាខ្មៅ សេកុង ព្រែកតាមាក់ ព្រែកក្តាម កោះធំ និងស្ពានស្ទឹងត្រែងនៅផ្លូវជាតិលេខ ៩ ប្រើប្រាស់ថវិកាអស់ប្រមាណ ២១៦លានដុល្លា និង ស្ពានកំពុងសាងសង់ចំនួន ១គឺស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់ក្រូចឆ្មារ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះមានគម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវក្រវាត់ក្រុងទី៣ប្រវែងសរុប១៨៧គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣ លានដុល្លារ។
លើការអភិវឌ្ឍធនធានមនុស្សភាគីចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងនោះឆ្នាំ ២០១៦ មាន១២១នាក់ ,ឆ្នាំ២០១៧មាន ១៨១នាក់, ឆ្នាំ២០១៨ មាន ៣៣៨កន្លែង។ដោយឡែកក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជាកាលពីឆ្នាំ ២០១៦ លោកប្រធានាធិបតីបានសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥០០ កន្លែងបន្ថែម លើអាហារូបករណ៍ដែលមានស្រាប់។ បច្ចុប្បន្ននិស្សិតកម្ពុជាកំពុងសិក្សាក្នុងប្រទេសចិនមានចំនួន ១.៦៤៤ នាក់ ក្នុងនោះសិក្សានៅទីក្រុងប៉េកាំង មានចំនួន២១៣នាក់៕
Source: Kampuchea Thmey Daily
0 Comments