ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២២ ខែមករា ២០១៩ បានអញ្ជើញជួបសំដែងការគួរសមជាមួយលោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ លោកវ៉ាង យ៉ាងបានមានប្រសាសន៍ស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីដោយគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកប្រទេសចិននៅពេលនេះ នឹងជំរុញឲ្យទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។
លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនោះលោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបានមានប្រសាសន៍ថា សម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូប ដែលមានបទពិសោធន៍ច្រើនហើយក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៨ កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត និង បានអបអរសាទរសម្ដេចតេជោដែលត្រូវបានជាប់ឆ្នោតសាជាថ្មីទៀតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអរគុណចំពោះពាក្យពេចន៍និងការ ស្វាគមន៍របស់ភាគីចិនក្នុងទស្សនកិច្ចរបស់សម្តេចនិងគណៈប្រតិភូ។ សម្តេចតេជោនាយកមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចគឺមានសារៈសំខាន់មិនត្រឹមតែសម្ដេចនោះទេ គឺសម្រាប់បម្រើផលប្រយោជន៍នៃប្រទេសទាំងពីរនិងរួមចំណែកលើកម្រិតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
សម្ដេចតេជោបានគូសបញ្ជាក់ថា យើងពិតជាបានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិន ហើយការរីកចម្រើននេះមិនត្រឹមតែខ្លួនឯងទេ គឺសម្រាប់ប្រទេសដទៃផ្សេងទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់ដែលចូលរួមនៅក្នុងគំនិតនេះហើយផ្អែកទៅលើស្ថានភាពនេះកម្ពុជាក៏ផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្ដេចតេជោបានគូសបញ្ជាក់អំពីគម្រោងជាច្រើនដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបន្តថា នៅក្នុងជំនួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការពិគ្រោះយោបល់អំពីស្ថានភាពនៅកម្ពុជា ជាពិសេសទៅលើសេដ្ឋកិច្ចនៅកម្ពុជាកន្លងទៅនេះ គឺមានការរីកចម្រើនកំណើនសេដ្ឋកិច្ច ៧,៣ភាគរយ ក្នុងឆ្នាំ២០១៨កន្លងទៅ ហើយដែលភាពរីកចម្រើននេះក៏ដោយសារមានវិនិយោគិនចិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញលោក វ៉ាង យ៉ាង មកទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលវេលាសមស្របខាងមុខ ហើយលោកប្រធានក៏បានអរគុណសម្តេចចំពោះការអញ្ជើញរបស់សម្តេចហើយលោកនឹងរកពេលវេលាសមស្របណាមួយនាពេលខាងមុខមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះចិនបានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាគឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរហើយដោយសារមានកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
លោកបន្តថា ចិននឹងបន្តធ្វើការជាមួយគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសកិច្ចសហប្រតិបត្តិការទៅលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងប្រជាជនផងដែរ។
លោកក៏បានមានប្រសាសន៍ផងដែរថា លោកពិតជាគាំទ្រចំពោះគ្រប់ទិសដៅរបស់សម្ដេចតេជោ ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលនេះជាយន្តការថ្មីមួយទៀតក្នុងប្រទេសកម្ពុជា។ លោកបន្តថា ស្ថាប័នទាំងសងខាងនិងបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយនឹងមានការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀត៕
Source: Kampuchea Thmey Daily
0 Comments