Ad Code

​សភា​ប្រជាជន​ចិន ​ចាត់ទុក​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ល្បីល្បាញ​មួយ​រូប​ដែល​ប្រជាជន​ចិន​បាន​ស្គាល់​ស្ទើរតែ​គ្រប់គ្នា



ភ្នំពេញ ៖ លោក លី ចាន់​ស៊ូ ប្រធាន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​សភា​ប្រជាជន​ចិន​បាន​ចាត់​ទុក​សម្តេច​តេ​ជោ​ហ៊ុន សែន​ គឺជា​មេដឹកនាំ​ដែល​ល្បីល្បាញ​មួយ​រូប​ដែល​ប្រជាជន​ចិន​បាន​ស្គាល់​ស្ទើរតែ​គ្រប់គ្នា​។ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ បាន​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​លឿន​នៅក្នុង​ប្រទេស​កម្ពុជា ជា​មួយ​នេះ​សម្ដេច​តេ​ជោ​បាន​កសាង​និង​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​កម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​និង​អភិវឌ្ឍន៍​ឥតឈប់ឈរ។

នេះ​បើ​យោង​តាម​ការ​អះអាង​រប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​លោក លី ចាន់​ស៊ូ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​នៅ​ទីក្រុង​ប៉េកាំង​នា​រសៀល​ថ្ងៃទី ២២ មករា។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​ជំនួប​នោះ​លោក​លី ចាន់​ស៊ូ បាន​មានប្រសាសន៍ថា តំណាង​ឲ្យ​សភា​ប្រជាជន​ចិន​ទាំងអស់​បាន​ចាត់​ទុក​ស​ម្ដេច​តេ​ជោ​គឺជា​មេដឹកនាំ​ដែល​ល្បីល្បាញ​មួយ​រូប ​ដែល​ប្រជាជន​ចិន​បាន​ស្គាល់​ស្ទើរតែ​គ្រប់គ្នា​។



លោក​បាន​បន្ត​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ គឺ​បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​លឿន​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្ដេច​តេ​ជោ​បាន​កសាង​និង​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​កម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​និង​អភិវឌ្ឍន៍​ឥត​ឈប់ឈរ​។

លោក​បាន​មានប្រសាសន៍ថា​ កន្លងមក​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គាំទ្រ​នូវ​ផលប្រយោជន៍​ស្នូល​នៃ​ប្រទេស​ចិន​ជាពិសេស​នយោបាយ​ចិន​តែមួយ ហើយ​លោក​បាន​គូស​បញ្ជាក់​ថា ​ថ្នាក់ដឹកនាំ​ចិន​បាន​ចាត់​ទុក​សម្ដេច​តេ​ជោ​ គឺជា​មិត្ត​ដែកថែប​នៃ​ប្រទេស​ចិន​។

លោក លី ចាន់​ស៊ូ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា លើ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​ដែល​ប្រទេស​កម្ពុជា​ជ្រើសរើស​ជាពិសេស​បន្ត​មាន​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរឡើង​។



លោក​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា ​ជំនួប​រវាង​លោក ស៊ី ជិន​ពីង ជាមួយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​រួម​ទាំង​ពិធីជប់លៀង​ផង​ដែរ​នេះ​ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ពិសេស​រវាង​ចិន និង​កម្ពុជា​ហើយ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​សម្រាប់​កិច្ចការ​នេះ​គឺ​នឹង​ទទួល​បាន​នូវ​សមិទ្ធផល​ជាច្រើន ពិសេស​នឹង​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេ ភាគី​ឡើង​ដល់​កម្រិត​ថ្មី​ទៀត​។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​លោក​លី​ចាន់​ស៊ូ សម្រាប់​ពាក្យពេចន៍​ទាំងឡាយ​នូវ​ការ​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ចិន​ដែល​កន្លងមក​តែងតែ​ទទួល​នូវ​ព្រះរាជ​ដំណើរ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​កាន់​ប្រទេស​ចិន​។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​មាន​លក្ខណៈ​ពិសេស ដោយសារ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ជាពិសេស​ការ​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​មួយចំនួន​លើស​ពី​គោលដៅ​កំណត់​ដូចជា​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ​កំណត់​សម្រេច​ឲ្យ​បាន ៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧​ទំហំ​ពាណិជ្ជ​កម្ម​បាន​កើនឡើង​ដល់​ជិត ៧​ពាន់​លាន​ដុល្លារ​ទៅ​ហើយ​។ វិស័យ​ទេសចរណ៍​វិញ​កំណត់​ត្រឹមតែ ០,០១​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ចិន​គឺ​ស្មើនឹង ១,៣​លាន​នាក់ តែ​មកដល់​ឆ្នាំ​២០១៨​ ភ្ញៀវ​ទេសចរ​ចិន​បាន​ឈាន​ដល់​១,៦​លាន​នាក់​។ ដោយឡែក​អ្នក​វិនិយោគ​ពី​ប្រទេស ចិន​នៅ​កម្ពុជា​ក៏​មាន​ចំនួន​ច្រើន​ហួសការ​រំពឹង​ទុក​ដោយ​សារ​មានការ​ទុកចិត្ត​លើ​នយោបាយ​នៃ​ការដឹកនាំ​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​មេដឹកនាំ​ប្រទេស​ចិន​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​ផង​ដែរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ថា នយោបាយ​ដែល​ផ្តួច​ផ្តើម​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការ​រឹតចំណង​មិត្តភាព​កម្ពុ​ជា​និង​ចិន គឺ​នៅតែ​រក្សា​ដដែល​គ្មានអ្វី​ផ្លាស់ប្តូរ​នោះឡើយ​ជាពិសេស​នយោបាយ​ចិន​តែមួយ​។

លោក លី ចាន់​ស៊ូ បាន​ឯកភាព​ទាំងស្រុង​នូវ​អ្វី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន លើកឡើង​។ លោក​បាន​គូស​បញ្ជាក់​ថា ​ប្រជាជន​ចិន​នៅតែ​ចងចាំ​នូវ​ទុក្ខ​លំបាក​របស់​កម្ពុជា ហើយ​ចិន​និង​កម្ពុជា តែងតែ​ជួយ​គ្នា​និង​គោរព​គ្នា​ទៅវិញទៅមក​។ លោក​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​និង​ចិន គឺជា​មិត្ត​ដ៏​ពិតប្រាកដ​ទោះបី​នៅក្នុង​កាលៈទេសៈ​ណាក៏ដោយ​គឺ​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​។ លោក​បន្ថែម​ថា​ ចិន​នៅតែ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​កម្ពុជា​។ លោក លី ចាន់​ស៊ូ ក៏បាន​អះអាង​ដែរ​ថា​ទំនាក់ទំនង​កម្ពុជា​និង​ចិន​នៅតែ​បន្ត​រក្សា​នៅ​គ្រប់​វិស័យ​និង​គ្រប់​កម្រិត ដើម្បី​ជា​ប្រយោជន៍​ប្រទេស​ទាំងពីរ​។ លោក​ក៏បាន​អរគុណ​សម្តេច​តេ​ជោ​ដែល​បាន​អញ្ជើញលោក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​លោក​នឹង​រក​ពេលវេលា​សមរម្យ​ណាមួយ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu