អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងលើកលែងទោសដល់អ្នកសារព័ត៌មានរ៉យទ័រពីរនាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំបន្ទាប់ពីពួកគេបានរាយការណ៍អំពីការសម្លាប់រង្គាលនៅក្នុងរដ្ឋរ៉ាក់ឃីន។
លោក Guterres បាននិយាយថា វាមិនអាចទទួលយកបានទេសម្រាប់លោក Wa Lone អាយុ៣២ឆ្នាំនិងលោក Kyaw Soe Oo អាយុ២៨ឆ្នាំដែលត្រូវបានគេដាក់ពន្ធនាគារចំពោះអ្វីដែលពួកគេកំពុងធ្វើក្នុងនាមជាអ្នកសារព័ត៌មាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “ខ្ញុំគិតថារឿងនេះមិនគួរកើតឡើងទេហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងអាចផ្តល់ការលើកលែងទោសឲ្យពួកគេក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន”។
មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ួង សានស៊ូជី កាលពីសប្តាហ៍មុនបាននិយាយថា អ្នកកាសែតទាំងពីរនាក់នេះមិនត្រូវបានផ្តន្ទាទោសដោយសារតែការងាររបស់ពួកគេនោះទេប៉ុន្តែដោយសារតែពួកគេបានរំលោភបំពានច្បាប់។
លោកស្រីបាននិយាយនៅក្នុងការបញ្ចេញមតិដោយផ្ទាល់ជាលើកដំបូងស្តីពីបញ្ហានេះថា “ពួកគេមិនបានជាប់ពន្ធនាគារដោយសារតែពួកគេជាអ្នកសារព័ត៌មានទេប៉ុន្តែដោយសារតែតុលាការបានសម្រេចថា ពួកគេបានរំលោភបំពានច្បាប់សម្ងាត់ផ្លូវការ”។
អ្នកយកព័ត៌មានរ៉យទ័រទាំងពីរបានបដិសេធការចោទប្រកាន់នេះដោយទទូចថា ពួកគេត្រូវបានគេតាមប្រមាញ់ខណៈដែលពួកគេបានលាតត្រដាងអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការលើជនជាតិមូស្លីមរ៉ូហ៊ីយ៉ាចំនួន១០នាក់នៅក្នុងភូមិ Inn Din កាលពីខែកញ្ញាឆ្នាំមុន។
ករណីនេះបានបង្កឲ្យមានការតវ៉ាជាអន្តរជាតិនិងត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបំបិទការរាយការណ៍អំពីការបង្ក្រាបកាលពីឆ្នាំមុនដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីន៕ AFP
Source: Kampuchea Thmey Daily
0 Comments