សហរដ្ឋអាមេរិកបានពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីទៅដល់ប្រទេសចិនហើយកាលពីថ្ងៃព្រហស្បតិ៍ដោយប្រកាសពីវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាពយោធាចិនមួយដោយសារការទិញយន្ដហោះចម្បាំងនិងមីស៊ីលរបស់រុស្ស៊ី។
ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍នៃក្រសួងការពារជាតិចិននិងអ្នកគ្រប់គ្រងកំពូលរបស់ខ្លួនចំពោះការទិញយន្តហោះចម្បាំងSukhoi Su-35និងមីស៊ីលបាញ់ពីដីទៅអាកាសS-400 របស់រុស្ស៊ីនាពេលថ្មីៗនេះ។
ក្រុមមន្ត្រីបាននិយាយថា វាគឺជាលើកទី១ហើយដែលប្រទេសទី៣ត្រូវបានដាក់ទណ្ឌកម្មក្រោមច្បាប់ទណ្ឌកម្ម CAATSA សម្រាប់ការទាក់ទងជាមួយប្រទេសរុស្ស៊ីហើយបានបង្ហាញពីឆន្ទៈរបស់រដ្ឋបាលលោក Trump ដែលហ៊ានប្រថុយផ្តាច់ទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូ។
ពួកគេក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកអាចចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងប្រទេសដទៃទៀតដែលកំពុងដឹកជញ្ជូនយន្ដហោះចម្បាំងនិងមីស៊ីលរុស្ស៊ី។ សម្ព័ន្ធមិត្តរបស់អាមេរិកគឺប្រទេសទួរគីកំពុងពិភាក្សាជាមួយក្រុងមូស្គូអំពីកិច្ចព្រមព្រៀងទិញមីស៊ីល S400 ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “គោលដៅចុងក្រោយនៃទណ្ឌកម្មទាំងនេះគឺប្រទេសរុស្ស៊ី។ ការដាក់ទណ្ឌកម្មរបស់ CAATSA មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការពាររបស់ប្រទេសណាមួយនោះទេ។ វាសំដៅទៅលើការខាតបង់របស់រុស្ស៊ីក្នុងការឆ្លើយតបទៅនឹងសកម្មភាពអាក្រក់របស់ខ្លួន”។
CAATSA ឬច្បាប់ប្រឆាំងនឹងសត្រូវរបស់អាមេរិកតាមរយៈការដាក់ទណ្ឌកម្មត្រូវបានអនុម័តក្នុងឆ្នាំ២០១៧ជាឧបករណ៍មួយដែលផ្តល់ឲ្យរដ្ឋបាលលោក Trump នូវវិធីបន្ថែមទៀតដើម្បីកំណត់ទិសដៅលើរុស្ស៊ី អ៊ីរ៉ង់និងកូរ៉េខាងជើងដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងនយោបាយ។
ក្រសួងការបរទេសបាននិយាយថា ទាក់ទងទៅនឹងប្រទេសរុស្ស៊ី, CAATSA បានកើតឡើងពីការឈ្លានពានរបស់ប្រទេសនេះនៅអ៊ុយក្រែន, ការកាត់យកឧបទ្វីប Crimea, ការរំលោភបំពាននិងការវាយប្រហារលើអ៊ីនធឺណិត ការជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០១៦និងសកម្មភាពអាក្រក់ផ្សេងទៀត" ។
ច្បាប់នេះអនុញ្ញាតឲ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងក្រុមហ៊ុននិងបុគ្គលទាំងឡាយណាដែលត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅរបស់ CAATSA ៕ AFP
Source: Kampuchea Thmey Daily
0 Comments