ក្នុងចំណោមគ្រូបង្វឹកជាច្រើនរូបដែលត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដាក់ឲ្យមហាជនបោះឆ្នោតគាំទ្រលើហ្វេសប៊ុករបស់ខ្លួន អស់រយៈពេលកន្លងមក នៅពេលនេះ បានបញ្ចប់ដំណាក់កាលជម្រុះទី១ហើយដោយ គេឃើញថាមានតែគ្រូបង្វឹកចំនួន៣រូបប៉ុណ្ណោះ ដែលទទួលបានចំនួនគាំទ្រច្រើនជាងគេនៅក្នុងពានរង្វាន់« គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ»។
ពានរង្វាន់នេះនឹងប្រកាសលទ្ធផលនៅក្នុងកម្មវិធី CAMBODIAN FOOTBALL AWARD នៅចុងរដូវកាលនេះ។ ជាលទ្ធផលគ្រូបង្វឹក៣នាក់ចុងក្រោយដែលទទួលបានការគាំទ្រច្រើនជាងគេប្រចាំឆ្នាំនេះមានលោក សុក វាសនា គ្រូបង្វឹករបស់ក្រុមអាស៊ីអឺរ៉ុប លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់ក្រុមវិសាខា និងលោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុមបឹងកេត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសបេក្ខភាពគ្រូបង្វឹក «គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ» ដំណាក់កាលទី២នេះ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២១ ខែកញ្ញា ដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។ គ្រូបង្វឹកទាំង៣ដែលមានអ្នក Like បានច្រើនជាងគេនៅក្នុងការបោះឆ្នោតលើហ្វេសប៊ុកតែម្នាក់គត់នឹងទទួលបានពានរង្វាន់នេះ។
គេចាំនៅក្នុងថ្ងៃនៅក្នុងព្រឹត្តិការណ៍ «ពានរង្វាន់បាល់ទាត់កម្ពុជាប្រចាំឆ្នាំ (Cambodia Football Award» ដែលរៀបចំឡើងដោយ CNCC កាលពីដើមឆ្នាំបានចែកពានរង្វាន់ជាច្រើនដល់ម្ចាស់ជយលាភីដែលពាក់ព័ន្ធខណៈលោក មាស ចាន់ណា គ្រូបង្វឹករបស់ក្រុមណាហ្គាវើល គឺជាម្ចាស់ពានរង្វាន់« គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ» នេះ។
លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការរបស់ CNCC ធ្លាប់បានបញ្ជាក់ជុំវិញកម្មវិធី CAMBODIAN FOOTBALL AWARD ថា «យោងតាមថ្នាក់ដឹកនាំ ការបង្កើតពានរង្វាន់នេះឡើងដើម្បីលើកទឹកចិត្តនិងផ្ដល់តម្លៃដល់កីឡាករ ក្លិបនីមួយៗ គ្រូបង្វឹក មន្ត្រីរៀបចំការប្រកួតនិងអ្នកពាក់ព័ន្ធផងផ្សេងទៀត ដែលតែងតែខិតខំប្រឹងប្រែងកន្លងមកដល់ដើម្បីបាល់ទាត់យើង។ ព្រឹត្តិការណ៍នេះយកលំអានតាមលំអានរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ខណៈយើងរំពឹងថានឹងវិវត្តន៍ឱ្យកាន់តែរីកចម្រើននៅថ្ងៃខាងមុខ»៕
Source: Kampuchea Thmey Daily
0 Comments