ព្រះសីហនុ ៖ ក្រុមអ្នករត់ម៉ូតូរ៉ឺម៉កចំនួន៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងម្នាក់ទៀតរបួសធ្ងន់ដេកពេទ្យ ក្រោយពីពួកគេទាំងនេះ មានជម្លោះរហូតប្រើអំពើហិង្សាដាក់គ្នា ក្នុងរឿងដណ្តើមទីតាំងចំណតចតម៉ូតូដើម្បីចាប់ម៉ូយជិះដឹកចេញ។
លោកវរសេនីយ៍ទោភុល ភស្តា អធិការ នគរបាល ក្រុងព្រះសីហនុ បានឲ្យដឹងថា ករណី វាយតប់គ្នាបង្កឲ្យភ្ញាក់ផ្អើលដល់ក្រុមសមត្ថកិច្ចនេះ បានកើតមានឡើងកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅហាងខារ៉ាអូខេ ក្រោយពេទ្យចំការចេក សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
លោក អធិការនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យ ដែលឃាត់ខ្លួននេះ មានឈ្មោះ ១.ឈ្មោះ ណយ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ២.ឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
៣.ឈ្មោះ អាង ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ដោយឡែកជនដៃដល់ ម្នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនផងដែរ។
លោកអធិការ បានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះគឿង គុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក បច្ចុប្បន្ន ស្នាក់នៅក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ បុរសម្នាក់នេះ បានរងរបួសបែកក្បាល ចំពីលើ បច្ចុប្បន្នកំពុងចូលព្យាបាលនៅគ្លីនិកឯកជន(ពេទ្យដើមស្វាយ)។
លោកវរសេនីយ៍ទោភុល ភស្តា បានបញ្ជាក់ថា ដើមហេតុបង្កឲ្យមានអំពើហិង្សា វាយគ្នាបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈតាមផ្លូវនេះ ដោយសារតែពួកគាត់ឈ្លោះគ្នា ដណ្ដើមទីកន្លែង រកស៊ីដឹកម៉ូយ។ ករណីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ស្នងការជួន ណារិន្ទ បញ្ជាឲ្យឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការរាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments