Ad Code

ស្ត្រី​ម្នាក់​បាញ់សម្លាប់​មនុស្ស​បីនាក់​នៅ​ឃ្លាំង​របស់​អាមេរិក​ រួច​ធ្វើអត្តឃាត



ប៉ូលិស​បាន​និយាយថា ស្ត្រី​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​ដោយ​កាំភ្លើងខ្លី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឃ្លាំង​មួយ​ដែលជា​កន្លែង​នាង​ធ្វើការ​ក្នុង​រដ្ឋ Maryland ភាគ​ខាងកើត​សហរដ្ឋអាមេរិក​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៣​នាក់​និង​រងរបួស​៣​នាក់​ផ្សេងទៀត​នៅក្នុង​ការបាញ់ប្រហារ​ស​ម្លា​ប់​រង្គាល​ចុងក្រោយ​បំផុត​របស់​ប្រទេស​នេះ។

តម្រួត​តំបន់ Harford លោក Jeff Gahler បាន​ប្រាប់​អ្នកកាសែត​ថា ជនសង្ស័យ​ដែលមាន​ឈ្មោះថា Snochia Moseley អាយុ​២៦​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​បាញ់សម្លាប់​ខ្លួនឯង​នៅត្រង់​ក្បាល​។​
​លោក Gahler បាន​ថ្លែងថា នាង Moseley គឺជា​បុគ្គលិក​បណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​ចែកចាយ​របស់​ហាង​លក់​ថ្នាំ Rite Aid ក្នុង​ទីក្រុង Aberdeen នៃ​រដ្ឋ Maryland ។​

លោក​បាន​និយាយថា “​យើង​មិនទាន់​ពី​មូល​ហេតុដែល​ជំរុញ​ឲ្យ​មាន​ឧក្រិដ្ឋ​កម្មនេះ​ទេ​ប៉ុន្តែ​វា​មិន​ទំនងជា​អំពើ​ភេរវកម្ម​ឡើយ​”​។ តម្រួត​រូបនេះ​បាន​និយាយទៀតថា ជនរងគ្រោះ​ដែល​រងរបួស​ចំនួន​បីនាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​គេ​រំពឹងថា​នឹង​នៅមាន​ជីវិត​។​

ការបាញ់ប្រហារ​សម្លាប់​រង្គាល​គឺជា​រឿង​ធម្មតា​នៅ​សហរដ្ឋអាមេរិក​ប៉ុន្តែ​ភាគច្រើន​ប្រព្រឹត្តឡើង​ដោយ​បុរស​ហើយ​ឧបទ្ទវហេតុ​នៅ Aberdeen គឺជា​ការបាញ់ប្រហារ​ស​ម្លា​ប់​រង្គាល​ដ៏​កម្រ​មួយ​ដែល​ធ្វើឡើង​ដោយ​ស្ត្រី​ម្នាក់​។​

លោក Gahler បាន​និយាយថា នាង Moseley រស់នៅក្នុង​សង្កាត់ Baltimore ហើយ​កាំភ្លើង Glock ៩​មី​លី​ម៉ែត្រ​ដែល​នាង​ប្រើ​ក្នុងការ​វាយប្រហារ​នេះ​គឺ​ត្រូវបាន​ចុះ​ប​ញ្ចី​ក្រោម​ឈ្មោះ​របស់​នាង​។​

គាត់​និយាយទៀតថា នាង​មាន​កាំភ្លើងខ្លី​តែមួយ​ដើម​គត់​និង​កាន់​ទស្សនា​វ​ដ្តី​ជាច្រើន​ច្បាប់​។​
​ឧប្បត្តិ​ហេតុនេះ​គឺជា​ការ​រាលដាល​ចុងក្រោយ​បំផុត​នៃ​អំពើ​ហឹ​ង្សា​ដោយ​កាំភ្លើង​ដែល​បាន​វាយប្រហារ​សាលារៀន​និង​កន្លែងធ្វើការ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ដែលជា​កន្លែង​សិទ្ធិ​ទទួល​អាវុធ​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។​

ការវាយប្រហារ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​កើតឡើង​រយៈពេល​៥​ខែ​បន្ទាប់ពី​ស្ត្រី​ជា​សកម្មជន​សិទ្ធិ​សត្វ​ដើមកំណើត​អ៊ីរ៉ង់​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៣​នាក់​មុនពេល​សម្លាប់​ខ្លួនឯង​នៅឯ​ការិយាល័យ​កណ្តាលរ​ដ្ឋ​កាលីហ្វ័រ​នីញ៉ា​របស់ YouTube ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu