ប៉ៃលិន ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមន្ត្រីរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិនមួយក្រុម ដឹកនាំដោយលោក ហ៊ី ប៊ុនហៀប ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុវិយោដីខេត្តប៉ៃលិន ចុះទៅត្រួតពិនិត្យឯកសាររដ្ឋបាល និងដកហូតត្រា ពីប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ដែលកំពុងអង្គុយធ្វើការងារដោយមិនដឹងខ្លួន តាមដីកាស្តីពីការតែងតាំងនិងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ របស់គណៈអភិបាលខេត្តប៉ៃលិន។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមលោក លោក សែម សុខន ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ៖ នៅថ្ងៃកើតហេតុណ៍ខាងលើ លោកបានកំពុងអង្គុយធ្វើការនៅក្នុងការិយាល័យ របស់លោក ក៏ស្រាប់តែមានខាងមន្ត្រីនៃមន្ទីរសុរិយោដីខេត្ត ចំនួន៥នាក់ ដឹកនាំដោយលោក ហ៊ី ប៊ុនហៀប ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុវិយោដីខេត្តប៉ៃលិន ចុះទៅត្រួតពិនិត្យឯកសាររដ្ឋបាល ដើម្បីបិទបញ្ជី និងបម្រុងដកហូតត្រាពីលោក ប៉ុន្តែលោកមិនបានប្រគល់ត្រាឱ្យភ្លាមៗនោះទេ ដោយសុំពន្យារពេល ព្រោះរឿងមួយនេះ បានកើតឡើងដោយតក់ក្រហល់ ដោយលោកមិនអាចទទួលយកបានឡើយ។ លោកបានបន្តថា ៖យោងតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ការដកហូតមន្ត្រីការិយាល័យ មួយ ត្រូវតែមានការកោះប្រជុំពីថ្នាក់ក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកជាមុនសិន ហើយស្នើសុំទៅខាងមន្ទីរសុរិយោដីខេត្ត ដោយខាងប្រធានមន្ទីរស្តីទី ត្រូវកោះហៅអនុប្រធានមន្ទីរ ប្រធានការិយាល័យរដ្ឋបាល រួចធ្វើការណែនាំវាយតម្លៃចំនួន៣ដង ទើបផ្ញើបន្តទៅរដ្ឋបាលខេត្ត ដើម្បីដកហូតសុំធ្វើការផ្លាស់ប្តូរមន្ត្រីរូបនោះ ប៉ុន្តែរឿងរបស់លោកមិនមានការប្រជុំក្រុមប្រឹក្សាស្រុក មិនមានការកោះហៅ របស់មន្ទីរសុរិយោដីខេត្តមកអប់រំសោះ។
លោកក៏បានបញ្ជាក់ផងដែរថា ៖ ករណីមួយនេះហាក់បីដូចជាលឿនពេក ដែលលោកមិនដឹងខ្លួនឡើយ ចំពោះការសុំពន្យារពេលគឺដោយលោកជាប់រវល់បង្ហើយឯកសារចាស់ ដែលនៅសេសសល់ ប្រសិនជារួចរាល់ឯកសារចាស់ ទើបលោកព្រមប្រគល់ឱ្យមន្ត្រីទាំងនោះ ប៉ុន្តែលុះត្រាមានការប្រកាសតែងតាំងអ្នកថ្មីផងដែរ ។
ពាក់ព័ន្ធបញ្ហាខាងលើ លោក ហ៊ី ប៊ុនហៀប ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុវិយោដីខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទថា៖ ការដែលលោកដឹកនាំមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុវិយោដីខេត្តប៉ៃលិន ចុះទៅពេលនោះគឺមិនបាន ទៅដកត្រាអីនោះទេ តែលោកទៅក្នុងនាមមានបញ្ជាបេសកកម្ម របស់មន្ទីរ ព្រោះនៅការិយាល័យភូមិបាលស្រុក មានការផ្លាស់ប្តូរមន្ត្រី នៅការិយាល័យមួយហ្នឹង។ លោកបន្តថា៖ ក្នុងនាមរដ្ឋបាល លោកបានយកដីកាមួយនេះ ដែលមានចំណា របស់ឯកឧត្តមអភិបាលខេត្ត ស្តីពីការតែងតាំងផ្លាស់ប្តូរនិងផ្ទេរភារកិច្ច ទៅជូនប្រធានការិយាល័យឲ្យមើល និងជំរាប ជូនមន្ត្រីថ្មី ដែលទទួលភារកិច្ចបន្ត។
ចំណែកលោក ហុង ពៅ ប្រធានស្តីទីមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោ ដីខេត្តប៉ៃលិន មិនអាចទំនាក់ទំនងបានទេ ដោយទូរស័ព្ទចូលរាប់សិនដង មិនទទួលព្រមទាំងចុចបិទថែមទៀតផង ប៉ុន្តែត្រូវបានលោក សូ សុខុន អនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានបញ្ជាក់តាមទូរស័ព្ទថា ៖ ការចុះទៅកន្លែង ការិយាល័យភូមិបាលស្រុកសាលាក្រៅ ដើម្បីទៅបិទបញ្ជីរដ្ឋបាល ដោយយោងតាមដីកាស្តីពីការតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ របស់អភិបាលខេត្តប៉ៃលិន ដែលបានចុះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដោយអភិបាលខេត្តប៉ៃលិន ហើយចំពោះការផ្លាស់ប្តូរនេះលោកមិនដឹងថាយ៉ាងណានោះទេ៕
Source: Kampuchea Thmey Daily
0 Comments