Ad Code

ករណី​របស់​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ប្រឆាំង​នឹង​ឪពុក​ បាន​ជំរុញ​ឲ្យ​មាន​ការ​ជជែក​វែកញែក​អំពី “​ភាពជា​អាណាព្យាបាល​”



សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តុលាការ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានសម្រេច​គាំទ្រ​ស្ត្រី​ម្នាក់​ដែល​ជំទាស់​នឹង​ការសម្រេចចិត្ត​របស់​ឪពុក​នាង​ដែល​មិន​ឲ្យ​នាង​មាន​លិខិតឆ្លងដែន​មួយ​។ ការសម្រេច​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​វែកញែក​តាម​អន​ឡាញ​អំពី​ប្រព័ន្ធ​អាណាព្យាបាល​បុរស​ដ៏​ចម្រូងចម្រាស​។​

ប្រទេស​អភិរក្ស​មួយ​នេះ​តម្រូវ​ឲ្យ​ស្ត្រី​ស្វែងរក​ការអនុញ្ញាត​ពី “​អាណាព្យាបាល​” ជា​បុរស​ដូចជា​ឪពុក ប្តី​ឬ​សាច់ញាតិ​ប្រុស​ផ្សេងទៀត​ជាដើម​ដើម្បី​ធ្វើដំណើរ រៀបការ​និង​ធ្វើ​កិច្ចការ​ផ្សេងៗ​។​
​ក្នុងករណី​ដ៏​កម្រ​មួយ ស្ត្រី​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​នៅ​ភាគ​ខាងលិច​ទីក្រុង Jeddah បាន​បដិសេធ​ទទួលស្គាល់​ឪពុក​របស់​នាង​ជា​អាណាព្យាបាល​បន្ទាប់ពី​គាត់​បាន​បដិសេធ​អនុញ្ញាត​ឲ្យ​នាង​សុំ​លិខិតឆ្លងដែន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​

តុលាការស៊ីវិល​នៅ​សប្តាហ៍​នេះ​បាន​បញ្ជា​ឲ្យ​ឪពុក​ទទួលបាន​លិខិតឆ្លងដែន​សម្រាប់​ស្ត្រី​។​
​កាសែត​រដ្ឋ Okaz ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា នារី​ម្នាក់​ដែលជា​និស្សិត​សាកលវិទ្យាល័យ​បានរស់នៅ​ជាមួយ​ម្តាយ​របស់​នាង​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​និង​មិនដែល​ឃើញ​ឪពុក​របស់​នាង​ទេ​ក្នុង​រយៈពេល​៦​ឆ្នាំ​។​

អារ៉ាប៊ីសាអ៊ូឌីត​កំពុង​បន្ត​កំណែទម្រង់សង្គម​យ៉ាង​ទូលំទូលាយ​ដែល​រួមបញ្ចូល​ទាំង​ការសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​ដែល​អនុញ្ញាត​ឲ្យ​ស្ត្រី​បើកបរ ចូល​មើល​ការប្រកួត​បាល់ទាត់​និង​ទទួលយក​ការងារ​ដូច​បុរស​ផងដែរ​។​

ប៉ុន្តែ​ប្រទេស​នេះ​ក៏​ប្រឈម​នឹង​ការរិះគន់​ដ៏​យូរអង្វែង​លើ​ប្រព័ន្ធ​ភាពជា​អាណាព្យាបាល​បុរស​ផងដែរ​។ ជា​និមិត្តរូប​នៃ​ការគាបសង្កត់​លើ​ស្ត្រី ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​បុរស​ប្រើ​អំណាច​តាម​អំពើ​ចិត្ត​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ជំនួស​សាច់ញាតិ​ស្ត្រី​របស់​ពួកគេ​។​

លោក Latifah Ashaalan សមាជិក​នៃ​ក្រុមប្រឹក្សា Shura របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​ស្ថាប័ន​ផ្តល់យោបល់​មួយ​បាន​បង្ហោះ Twitter ថា “​ប្រសិនបើ​ស្ត្រី​មាន​សិទ្ធិ​ទទួលបាន​លិខិតឆ្លងដែន​ផ្ទាល់ខ្លួន​ដូច​បុរស​នោះ យើង​នឹងមិន​ត្រូវការ​តុលាការ​ដើម្បី​សម្រេច​លើ​រឿងនេះ​ទេ​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu