Ad Code

ជំនួប​សម្តែង​ការគួរសម​ជាមួយ​បេក្ខជន​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់



ភ្នំពេញ ៖ កាលពី​ថ្ងៃ​អង្គារ ៣​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទី​ស្តី​ការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក តូច ចាន់​កុសល តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទួល​ជួប​សម្តែង​ការគួរសម​ពី​សំណាក់​បេក្ខជន​បេក្ខនារី​ជ័យលាភី អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់។



ជំនួប​សម្ដែង​ការគួរ​សម​នេះ ធ្វើឡើង ដើម្បី​ទទួល​បាន​នូវ​អនុសាសន៍ ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ទាក់ទង​នឹង​វិស័យ​ផ្សេងៗ ជាពិសេស វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដែល​នឹង​ក្លាយជា​ទស្សនទាន​ដ៏​មានតម្លៃ​សម្រាប់​ការសិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។



បេក្ខជន​បេក្ខនារី​ជ័យលាភី​អាហារូបករណ៍​ទាំងនេះ​មាន​ចំនួន ១៨​រូប ជា​មន្ត្រីរាជការ​ស្ថាប័នរដ្ឋ និង​បុគ្គលិក​មកពី​ក្រុមហ៊ុន​ឯកជន បាន​ប្រឡង​ជាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល​ពីរ​ឆ្នាំ​លើ​មុខជំនាញ​គោលនយោបាយ​សាធារណៈ សម្រាប់​ឆ្នាំ​សិក្សា​២០១៩ និង​ឆ្នាំ​២០២០​។



ឆ្លៀត​ក្នុងឱកាស​នេះ លោក តូច ចាន់​កុសល បាន​ថ្លែងប្រាប់​បេក្ខជន បេ​ក្ខ​នារី ជ័យលាភី​អំពី គម្រោង សំខាន់ៗ​មួយចំនួន​រួមមាន​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ដើម្បី​សម្រួល ដល់​ការ​ដឹកជញ្ជូន គម្រោង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស (AGT) គម្រោង​សិក្សា​រថភ្លើង ក្នុង​ទីក្រុង (Tramway) និង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE app​។



លោក​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ផង​ដែរ​អំពី​សមិទ្ធផល​សម្រេច​បាន​សំខាន់ៗ រួមមាន​៖ ការ​ដាក់​ឲ្យ ដំណើរការ​ឡើងវិញ​នូវ​ផ្លូវដែក​ភាគ​ខាងជើង ពី​ប៉ោយប៉ែត​-​ភ្នំពេញ ក្រោយ​កាត់​ផ្តាច់​ដោយ​សង្គ្រាម​អស់​រយៈពេល​៤៥​ឆ្នាំ ការ​ដាក់​ឲ្យ​ប្រើប្រាស់​កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដើម្បី បង្ខិត​សេវា​ឲ្យ​កៀក​ទៅ​នឹង​ប្រជាពលរដ្ឋ ដូចជា​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ការ​ចុះបញ្ជី​យានយន្ត​និង​យានជំនិះ ជាដើម​។

លោក តូច ចាន់​កុសល បាន​ស្នើ​ឲ្យ​បេក្ខជន​បេ​ក្ខ​នារី​ជ័យលាភី​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រក្សា អាកប្បកិរិយា​ល្អ​នៅពេល​ទៅ​សិក្សា​នៅ​ប្រទេស​គេ និង​ផ្តាំ​ផ្ញើ​ឲ្យ​ធ្វើខ្លួន​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​សម្រាប់ ប្រទេស​កម្ពុជា​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu