ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាល នឹងបន្ដខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគ្រប់សេវាកម្មទាំងអស់ ទាំងគុណភាពពិនិត្យព្យាបាលសម្ភារៈបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានកាន់តែប្រសើរបន្ថែមទៀតដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋទូទាំងប្រទេស។
លោករដ្ឋមន្ដ្រីបានបន្តថា «រាល់ការពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យរបស់យើង ជូនដល់ប្រជាពលរដ្ឋ គឺស្មើៗគ្នា ទោះក្រ មាន ឬគិតលុយ និងឥតគិតលុយក្ដី ខ្លះប្រើប្រាស់នូវប័ណ្ណ ប.ស.ស ខ្លះទៀតប្រើប្រាស់នូវប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល គឺពួកគាត់ទទួលបានការព្យាបាលដូចនឹងអ្នកមកបង់លុយដែរដោយមានការចាប់លេខរៀងដូចគ្នា។
លោកសាស្ដ្រាចារ្យបានផ្តាំផ្ញើដល់កម្មករ-កម្មការិនីត្រូវថែរក្សាសុខភាពជាប្រចាំហើយបើមានស្ថានភាពមិនស្រួល មកទទួលសេវាពិនិត្យសុខភាព នៅមន្ទីររដ្ឋមក មិនអស់ថវិកាព្យាបាលទេ ហើយគ្រូពេទ្យ នឹងយកចិត្ដទុកដាក់បងប្អូន ដូចនឹងអ្នកបង់ថ្លៃសេវាព្យាបាលដូចគ្នា គឺមិនទុកបងប្អូនចោលនោះទេ ហើយបើមានចំណុចខ្វះខាតណាមួយ យើងនឹងបំពេញជូនប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូន ជួយសហការជាមួយផង។
អ្នកស្រីសម្ផស្ស ជាកម្មការិនីរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញមកវះកាត់សាច់ដុំក្នុងច្រមុះនៅមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា «ខ្ញុំសប្បាយចិត្ដណាស់ដែលទទួលបានការវះកាត់ជំងឺដោយអត់អស់លុយដោយសារខ្ញុំប្រើប័ណ្ណ ប.ស.សចំណែកគ្រូពេទ្យវិញ គឺល្អ គាត់យកចិត្ដទុកដាក់ សំដីសំដៅគាត់ក៏ល្អដែរ មិនប្រកាន់ថាខ្ញុំអត់បង់លុយ ខ្ញុំអរគុណណាស់ដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានព្យាបាលពួកខ្ញុំ»។
ចំណែកប្អូនស្រីថាវី ដែលបានប្រើនូវប័ណ្ណក្រីក្រ យកកូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យក៏បានលើកឡើងថា «កូនខ្ញុំឈឺភ្នែក ខ្ញុំមកព្យាបាលនៅពេទ្យជិត១សប្ដាហ៍ហើយ សម្រាប់សេវាកម្មរបស់ពេទ្យ ឃើញថាល្អ មិនរើសអើងក្រមាននោះទេ ហើយគាត់យកចិត្ដទុកដាក់ដល់កូនខ្ញុំទៀត។ថ្ងៃនេះ ដល់ថ្ងៃកូនខ្ញុំចេញពីពេទ្យហើយ ដូចនេះ ខ្ញុំមកបើកថ្នាំ ឲ្យកូនខ្ញុំលេប ទៅតាមអ្វីដែលអ្នកគ្រូពេទ្យប្រាប់» ។
ចំពោះអ៊ុំស្រី អ៊ី ដែលមកពីស្រុក បារាយ ខេត្ដកំពង់ធំបានសម្ដែងអារម្មណ៍សប្បាយ និងពេញចិត្ដថា «ខ្ញុំមកព្យាបាលនៅតែនៅមន្ទីរពេទ្យអង្គឌួងនេះទេព្រោះពេទ្យមានជំនាញឯកទេស ភ្នែក ត្រចៀក បំពង់កដែលត្រូវនឹងជំងឺរបស់ខ្ញុំ»។
លោកសាស្ដ្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា ជុំវិញនឹងការព្យាបាលអ្នកជំងឺ គឺមន្ទីរពេទ្យបានរៀបចំសេវាព្យាបាល យ៉ាងយកចិត្ដទុកដាក់ណាស់ មិនថាបងប្អូនប្រជាពលរដ្ឋយើង មកព្យាបាល ដោយគិតថ្លៃ និងតាមរយៈបេឡាជាតិសន្តិសុខសង្គម និងជាប្រជាជនក្រីក្រ ដែលទទួលបានការគាំពារ ពីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលទេ គឺយើងតែងតែពិនិត្យព្យាបាលថែរក្សា បានល្អណាស់ ទៅតាមតួនាទីរបស់គ្រូពេទ្យ ពិសេសសម្រាប់ កម្មករ-កម្មការិនីរោងចក្រ សហគ្រាស គឺយើងមិនដែលយកថវិកានោះឡើយ»។
លោកប្រធានមន្ទីរពេទ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរថា ក្រៅពីជំងឺទូទៅ នៅមន្ទីរពេទ្យព្រះអង្គឌួង ក៏មានទទួលពិនិត្យ និងព្យាបាលជំងឺ គ-ថ្លង់ពីកំណើត និងបាត់សម្លេង ស្ដាប់មិនសូវលឺ (ត្រចៀកធ្ងន់) ឲ្យជាសះស្បើយឡើងវិញ ដែលវះកាត់ដោយវេជ្ជបណ្ឌិតឯកទេស គ-ថ្លង់ ជាតិ និងអន្ដរជាតិ ពិសេសជាមួយបច្ចេកទេសទំនើបៗ៕
Source: Kampuchea Thmey Daily
0 Comments