ភ្នំពេញ ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ បានប្រកាសចាប់ផ្ដើមកម្មវិធីប្រកួតរូបថត ទាក់ទងបេតិកភណ្ឌវប្បធម៌ ហើយបានអំពាវនាវឲ្យអ្នកស្នេហាវិស័យថតរូបទាំងអស់នៅក្នុងប្រទេសផ្ញើរូបថត ដែលជាស្នាដៃដើមរបស់ខ្លួន សមស្របទៅនឹងប្រធានបទ "បេតិកភណ្ឌវប្បធម៌" នៅកម្ពុជា។
កម្មវិធីប្រកួតនេះ ធ្វើឡើងក្រោមពាក្យស្លោកថា “បេតិកភណ្ឌរបស់យើង-អតីតកាលជួបអនាគតកាល” ហើយកម្មវិធីនេះ រៀបចំឡើង ដើម្បីជាផ្នែកមួយនៃការអបអរឆ្នាំនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុប ហើយដែលមានការរៀបចំការប្រកួត ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗស្រដៀងគ្នានេះមានរៀបចំឡើងទូទាំងពិភពលោក។
លោក George Eager ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានថ្លែងថា បេតិកភណ្ឌវប្បធម៌មានឥទ្ធិពលមកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីជនបទ នៅតំបន់ទេសភាពធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង ហើយរង្វាន់ធំសំរាប់ជ័យលាភី គឺជាប័ណ្ណដែលមានទឹកប្រាក់៧០០ដុល្លារ សំរាប់ជាវម៉ាស៊ីនថត។
លោក George Eager ថ្លែងយ៉ាងនេះថា “បេតិកភណ្ឌវប្បធម៌មានឥទ្ធិពលមកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីប្រជុំជន នៅតំបន់ទេសភាព ធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង។ បេតិកភណ្ឌវប្បធម៌មិនត្រឹមតែមាននៅក្នុងអក្សរសាស្ត្រ សិល្បៈ និងវត្ថុផ្សេងៗរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យសិប្បកម្ម ដែលយើងបានរៀនសូត្រពីដូនតារបស់យើង សាច់រឿងដែលយើងដំណាលប្រាប់ដល់កូនចៅរបស់ យើង អាហារដែលយើងបរិភោគ និងភាពយន្តដែលយើងមើល និងដែលតាមរយៈនេះយើងបានស្គាល់ខ្លួនយើង។ តាមរយៈកម្មវិធីប្រកួតនេះ យើងមានបំណងចង់ទាញការយកចិត្តទុកដាក់លើសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ ចំពោះរូបយើងទាំងអស់គ្នា ទាំងនៅសហភាពអឺរ៉ុប នៅកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក”។
តាមលោក George Eager កម្មវិធីប្រកួតរូបថតនេះ បើកឲ្យចូលរួមសម្រាប់មនុស្សគ្រប់គ្នាអាចផ្ញើរូបថត ដែលមានគុណភាពច្បាស់ និងជាស្នាដៃដើមរបស់ខ្លួន (ក្នុងទម្រង់ជា JPEG និងទំហំយ៉ាងហោចណាស់៥មេហ្គាភិចសែល) ដែលបានថតដោយប្រើទូរស័ព្ទស្មាតហ្វូន ឬម៉ាស៊ីនថត ហើយក្នុងនោះរង្វាន់ធំសម្រាប់ជ័យលាភី គឺប័ណ្ណដែលមានទឹកប្រាក់ចំនួន ៧០០ ដុល្លារសម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា “កម្ពុជា ជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប។ យើងចង់បានរូបថតដែលជាស្នាដៃដើម អាចប្រាប់ពីដំណើររឿងណាមួយ ឬជាអារម្មណ៍ណាមួយ ហើយផ្ដោតលើទិដ្ឋភាពនានានៃវប្បធម៌របស់កម្ពុជា ក្នុងអត្ថន័យទូលំទូលាយបំផុត”។
ការប្រកាសឈ្មោះជ័យលាភី នឹងត្រូវធ្វើឡើងជាសាធារណៈនៅចុងខែវិច្ឆិកា។ ក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី០៦ ខែធ្នូ ហើយជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ជាប័ណ្ណ ដែលមានទឹកប្រាក់៧០០ ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត ។ ចំណែកលេខ២ នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់៦០០ ដុល្លារ ខណៈដែលលេខ៣ ទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៥០០ដុល្លារ។
រូបថតរបស់ជ័យលាភីទាំងបីនាក់ និងរូបថតសម្រាំងល្អបំផុតចំនួន១០ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ កាលផុតកំណត់ចុងក្រោយសម្រាប់ការផ្ញើរូបថតដើម្បីចូលរួម គឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments