ភ្នំពេញ ៖ ចោរឆក់ប្លន់វ័យក្មេង២នាក់ ដែលមានទេពកោសល្យឆក់មិនដែលបរាជ័យម្ដងក្នុងអាជីពឆក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីពួកគេបានឆក់កាបូបប្រាក់របស់ជនជាតិចិនម្នាក់បានប្រាក់ជិតមួយម៉ឺនដុល្លារ។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទី១ឈ្មោះ វេង ម៉េងលាង ភេទប្រុស អាយុ ១៨ឆ្នាំ ជាជាងទង ជាកូនថៅកែមាស មានលំនៅស្ថានផ្ទះសង់ថ្មីអត់លេខ ផ្លូវលំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ទី២ឈ្មោះ គន្ធា ម៉េងលី ហៅសាល ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន។
ក្នុងការចាប់ខ្លួនជនដៃដល់ទាំង២នាក់ សមត្ថកិច្ចបានរឹបអូសម៉ូតូម៉ាកPCXពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញGY-5833 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1HF-9700 ដែលពួកគេជិះធ្វើសកម្មភាពឆក់ និងទូរស័ព្ទជាដើម។
ចំណែកជនរងគ្រោះឈ្មោះ XU DONG HUIL ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ PE 1406431។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលមានអំពើឆក់កាបូប គឺជនរងគ្រោះបានដើរតែម្នាក់ឯងនៅលើផ្លូវលេខ ២៩៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ដោយស្ពាយកាបូបមួយផង ពេលនោះស្រាប់តែមានក្មេងស្ទាវ២នាក់ជិះម៉ូតូ ម៉ាកភីស៊ីអិច ពណ៌ទឹកប៊ិច បានមកអែបហើយឆក់យកកាបូបស្ពាយនោះបាត់ទៅ ដោយក្នុងកាបូបមាន លិខិតឆ្លងដែន ១ក្បាល លុយដុល្លារចំនួនជាង៧ ០០០ ដុល្លារ អត្តសញ្ញាណប័ណ្ណជនជាតិចិន និងកាតធនាគារ៤សន្លឹក។
ក្រោយកើតហេតុជនរងគ្រោះបានចូលមកប្ដឹងនៅសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លុះ៣ថ្ងៃក្រោយមកទើបសមត្ថកិច្ចចាប់ខ្លួនក្រុមជនល្មើសបានកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments