ការប្រយុទ្ធគ្នាសម្រាប់ទីក្រុង Ghazni ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបានចូលដល់ថ្ងៃទីបីហើយ ខណៈពួកសកម្មប្រយុទ្ធតាលីបង់និងកងកម្លាំងសន្តិសុខបានចូលរួមក្នុងការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យបើទោះបីជាក្រុងកាប៊ុលបានអះអាងថា ទីក្រុងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដោយ។
អ្នកយកព័ត៌មានរបស់ AFP បាននិយាយថា ពួកយុទ្ធជនតាលីបង់បានសម្រុកចូលទីក្រុងនេះដោយដុតការិយាល័យរដ្ឋាភិបាលនិងគ្រប់គ្រងប៉ុស្តិ៍ប៉ូលិសជាច្រើនខណៈកងយោធាដែលដាក់ពង្រាយពីក្រុងកាប៊ុលបានចូលតំបន់នោះយឺតៗដើម្បីប្រឈមនឹងក្រុមបះបោរ។
យោងតាមប្រជាពលរដ្ឋនិងក្រុមមន្ត្រីបានឲ្យដឹងថា ប្រជាពលរដ្ឋបានលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេឬប៉ុនប៉ងរត់គេចពីការប្រយុទ្ធគ្នា។
លោក Amanullah Kamrani អនុប្រធានក្រុមប្រឹក្សាខេត្ត Ghazni បានប្រាប់ AFP ពីទីក្រុងកាប៊ុលថា “ស្ថានភាពគឺមានភាពវឹកវរ។ នៅក្នុងទីក្រុង Ghazni, មានតែទីស្នាក់ការប៉ូលិស ការិយាល័យអភិបាលនិងនាយកដ្ឋានពីរបីប៉ុណ្ណោះដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងអាហ្វហ្គានីស្ថានរីឯកន្លែងនៅសេសសល់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់”។
សេវាទូរស័ព្ទចល័តក្នុងខេត្តនេះនៅតែត្រូវបានកាត់ផ្តាច់បន្ទាប់ពីពួកសកម្មប្រយុទ្ធបានបំផ្លាញប៉មទូរគមនាគមន៍មួយនិងបានតម្រង់គោលដៅលើការិយាល័យប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅទីក្រុង Ghazni ដែលជាហេតុធ្វើឲ្យព័ត៌មានពិបាកក្នុងការផ្ទៀងផ្ទាត់។
កងយោធាអាហ្វហ្គានីស្ថានបាននិយាយថា ប្រតិបត្តិការបោសសម្អាតដែលសំដៅទៅលើពួកយុទ្ធជនតាលីបង់កំពុងបន្តហើយអះអាងថា ពួកគេនៅតែគ្រប់គ្រងការិយាល័យរដ្ឋាភិបាលសំខាន់ៗ។
លោកឧត្តមសេនីយ៍ Sharif Yaftali ដែលជាមន្ត្រីយោធាកំពូលរបស់អាហ្វហ្គានីស្ថានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា “ពួកតាលីបង់កំពុងលាក់ខ្លួននៅតាមផ្ទះនិងហាងលក់ទំនិញរបស់ប្រជាជន។ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល កងកម្លាំងរបស់យើងកំពុងធ្វើដំណើរយ៉ាងយឺតៗ”។
គួរបញ្ជាក់ថា ទីក្រុង Ghazni បានស្ថិតនៅក្រោមគ្រោះថ្នាក់កាន់តែខ្លាំងពីការវាយប្រហាររបស់ពួកយុទ្ធជនតាលីបង់អស់រយៈពេលជាច្រើនខែមកហើយដោយមានរបាយការណ៍បង្ហាញថា ក្រុមបះបោរបានជ្រៀតចូលទីក្រុងនេះ៕
Source: Kampuchea Thmey Daily
0 Comments