Ad Code

NASA បាញ់​បង្ហោះ​យានអវកាស Parker Solar Probe ក្នុង​បេសកកម្ម “​ប៉ះ​ព្រះអាទិត្យ​” ជា​លើកដំបូង



​អង្គការ NASA កាលពី​ថ្ងៃអាទិត្យ​ បាន​បាញ់​បង្ហោះ​យានអវកាស​ដំបូង​របស់​ខ្លួន​ដើម្បី​រុករក​ព្រះអាទិត្យ​សម្រាប់​បេសកកម្ម​មួយ​ដើម្បី​ការពារ​ផែនដី​ដោយ​បង្ហាញ​ពី​អាថ៌កំបាំង​នៃ​ព្យុះ​ពន្លឺ​ព្រះអាទិត្យ​ដ៏​គ្រោះថ្នាក់។ វា​គឺជា​យានអវកាស Parker Solar Probe តម្លៃ​១.៥​ពាន់​លាន​ដុល្លារ។

ការ​បាញ់​បង្ហោះ​យាន​ទំហំ​ប៉ុន​រថយន្ត​នៅ​លើ​រ៉ុក្កែត Delta IV-Heavy ដ៏​ធំ​មួយ​នេះ​គឺ​បាន​បំភ្លឺ​ផ្ទៃមេឃ​នា​ពេល​រាត្រី​នៅ​ឯ​ជ្រោយ Canaveral ក្នុង​រដ្ឋ Florida នៅ​ម៉ោង​៣​និង​៣១​នាទី​ព្រឹក។

បេសកកម្ម​របស់​យាន​អវកាស​គ្មាន​មនុស្ស​បើក​មួយ​នេះ​គឺ​ដើម្បី​ចូលកាន់​តែ​ជិត​ជាង​វត្ថុ​ផលិតឡើង​ដោយ​មនុ​ស្សណាៗ​ទាំងអស់​ទៅកាន់​កណ្តាល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ដោយ​ចូលទៅក្នុង​បរិ​កាស​របស់​ព្រះអាទិត្យ​ដែល​គេ​ស្គាល់​ថា corona អំឡុង​បេសកកម្ម​រយៈពេល​ប្រាំពីរ​ឆ្នាំ​។​

យាន​នេះ​ត្រូវបាន​ការពារ​ដោយ​ប្រដាប់​ការពារ​កំដៅ​ដ៏​ខ្លាំងក្លា​ដែល​អាច​ទ្រាំទ្រ​នឹង​កម្រិត​កំដៅ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​និង​វិទ្យុសកម្ម​៥០០​ដង​ដែល​ធ្លាប់មាន​នៅលើ​ផែនដី​។​

នៅពេល​វា​ទៅជិត​ព្រះអាទិត្យ យាន​នេះ​នឹងត្រូវ​ធ្វើដំណើរ​ប្រហែល​៤៣០,០០០​ម៉ា​យល៍​ក្នុង​មួយ​ម៉ោង​ឬ​៦៩២,០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

នោះ​នឹងធ្វើ​ឲ្យ​វា​ក្លាយជា​វត្ថុ​ដែល​មនុស្ស​បង្កើតឡើង​មាន​ល្បឿន​លឿន​បំផុត​ដែល​លឿន​ល្មម​អាចធ្វើ​ដំណើរ​ពី​ទីក្រុង​ញូវយ៉ក​ទៅ​តូ​ក្យូ​ក្នុង​រយៈពេល​ត្រឹម​តែមួយ​នាទី​។​

NASA បាន​ហៅ​យាន​នេះ​ថា​ជា​យានអវកាស​ដំបូង​គេ​បង្អស់​ដែល “​ប៉ះ​ព្រះអាទិត្យ​”​។​
​ជាការ​ពិត វា​គួរតែ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៦.១៦​លាន​គីឡូម៉ែត្រ​នៃ​ផ្ទៃ​របស់​ព្រះអាទិត្យ​ដែល​ជិត​ល្មម​ដើម្បី​សិក្សា​ពី​បាតុភូត​ដ៏​គួរ​ឲ្យ​ចង់ដឹង​នៃ​ខ្យល់​ព្រះអាទិត្យ​និង​បរិយាកាស​ព្រះអាទិត្យ​ដែល​ក្តៅ​ជាង​ផ្ទៃ​របស់​វា​៣០០​ដង​។​

អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ការចូល​យ៉ាង​ជិត​នេះ​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការយល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​ខ្យល់​ព្រះអាទិត្យ​និង​ព្យុះ​ទំនាញផែនដី​ដែល​អាចធ្វើ​ឲ្យ​ផែនដី​មាន​ភាពវឹកវរ​។​

លោក Justin Kasper អ្នកវិទ្យាសាស្ត្រ​និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Michigan បាន​និយាយថា “​យាន Parker Solar Probe នឹង​ជួយ​យើង​ឲ្យ​ធ្វើការ​ល្អប្រសើរ​ជាង​មុន​ក្នុងការ​ទស្សន៍ទាយ​នៅពេលដែល​ការរំខាន​នៅក្នុង​ខ្យល់​ព្រះអាទិត្យ​អាច​វាយប្រហារ​ទៅលើ​ផែនដី​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu