Ad Code

រដ្ឋមន្ត្រី​កសិកម្ម ​គាំទ្រ​អង្គការ KOICA ដែល គ្រោង បង្កើត​ផ្សា​របោះ​ដំ ផលិតផល​កសិកម្ម និង​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ



ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ប្រកាស​គាំទ្រ​ដល់​អង្គការ KOICA (Korea International Cooperation Agency) ដែល​គ្រោង​បង្កើត​ផ្សារ​បោះ​ដំ ផលិតផល​កសិកម្ម និង​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ ដែល​អាច​ជួយ​រក​ទីផ្សារ​បន្លែ ផ្លែឈើ​ឲ្យ​កសិករ។

ការប្រកាស​គាំទ្រ​នេះ​បាន​ធ្វើ​ឡើង ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទាក់ទង​នឹង​ការសិក្សា​និង​វាយតម្លៃ​បឋម​លើ​គម្រោង​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មាន​និរន្តរភាព តាមរយៈ​ការបង្កើត​ផ្សា​របោះ​ដំ​ផលិតផល​កសិកម្ម និង​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ ជាមួយ លោក JEONG Yun Gilm នាយក​អង្គការ KOICA (Korea International Cooperation Agency) នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​។



នា​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​សម្តែង​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​គាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​កសិកម្ម​។ សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​នេះ​គឺ​បាន​មក​ពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក រដ្ឋមន្ត្រី​ជឿជាក់​ថា ​គម្រោង​ថ្មី​នេះ​នឹង​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ប្រជាកសិករ​កម្ពុជា​។



ទាក់ទង​នឹង​ប្រធានបទ​ខាងលើ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​សាទរ ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ ព្រោះ​វា​នឹង​ជួយ​រក​ទីផ្សារ​បន្លែ ផ្លែឈើ​ឲ្យ​កសិករ ជា​កន្លែង​ផ្តល់​ព័ត៌មាន​ទាក់ទង​អំពី​ទីផ្សារ តម្លៃ បរិមាណ​ផ្គត់ផ្គង់ ដែល​អ្នកបញ្ជា​ទិញ​ត្រូវការ និង​ជា​កន្លែង​ណាត់ជួប​រវាង​អ្នក​បរិភោគ ឈ្មួញ​កណ្តាល ជាមួយ​អ្នកផ្គត់ផ្គង់ និង​ជាពិសេស​វា​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព អនាម័យ និង​ប្រភព​ទំនិញ​ច្បាស់លាស់ ដើម្បី​បង្កើយ​នូវ​ជំនឿ​ទុកចិត្ត និង​ការធានា​ត្រឹមត្រូវ​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នា​ព្រឹក​នេះ​បាន​ផ្តោត​ជា​សំខាន់​លើ​ប្រធានបទ ទី​១. ពិនិត្យ ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​អំពី​ទីតាំង​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​បង្កើត​ផ្សារ និង​ត្រូវ​បន្ត​ជួប​ពិភាក្សា​ជា​មួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូចជា​មន្ត្រី​ជំនាញ វិស័យ​ឯកជន សហគ្រាស​ខ្នាត​តូច និង​មធ្យម ដៃគូ​អភិវឌ្ឍ តាម​អភិក្រម "​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍ​-​និង​សហគមន៍​"​។ ទី​២. បន្ត​ជំរុញ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ច្បាប់ និង​បច្ចេកទេស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu