Ad Code

ប្រទេស​បារាំង​កត់សម្គាល់​រយៈពេល​បី​ខែ​នៃ​ការតវ៉ា “​អាវកាក់​ពណ៌​អាវ​លឿង​”



បាតុករ​បាន​វាយលុក​តាមផ្លូវ​នៃ​ទីក្រុង​របស់​ប្រទេស​បារាំង​សាជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​កត់សម្គាល់​ជា​រយៈពេល​បី​ខែ​នៃ​ការតវ៉ា “​អាវកាក់​ពណ៌​លឿង​” ខណៈ​ការស្ទង់មតិ​មួយ​បាន​បង្ហាញថា ប្រជាជន​ភាគច្រើន​នៃ​ប្រទេស​នេះ​ចង់​ឲ្យ​ពួកគេ​បញ្ឈប់​។​

ចំនួន​អ្នកចូលរួម​ក្នុងការ​ប្រមូលផ្តុំ​ប្រចាំ​សប្តាហ៍​បាន​ធ្លាក់ចុះ​ចាប់តាំងពី​មនុស្ស​២៨៧,០០០​នាក់​បាន​ចេញមក​តវ៉ា​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ដែលជា​ថ្ងៃ​សៅរ៍​ទីមួយ​នៃ​ការតវ៉ា​។​
​ហើយ​សម្រាប់​ជា​លើកដំបូង ការស្ទង់មតិ​មួយ​បាន​រកឃើញ​កាលពី​ថ្ងៃ​ពុធ​ថា ជាង​ពាក់កណ្តាល​នៃ​អ្នក​ដែល​ត្រូវបាន​សាកសួរ​មាន​អារម្មណ៍​ថា វា​ត្រូវ​ដល់ពេល​បញ្ចប់​ការតវ៉ា​នេះហើយ​។​

កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ដែលជា​ចុង​សប្តាហ៍​លើក​ទី​១៣​នៃ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​, មនុស្ស​ចំនួន​៥១,០០០​នាក់​បាន​ដើរ​តាមផ្លូវ​ថ្វីបើ​អ្នករៀបចំ​ការតវ៉ា​បានដាក់​តួលេខ​នៅ​ចំនួន​១១៨,០០០​នាក់​ក៏ដោយ​។​

អំពើហិង្សា​បាន​រំ​ខាង​ស្ទើរតែ​រាល់​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​។​
​នៅ​ទីក្រុង​ប៉ារីស​ដែលជា​កន្លែង​មនុស្ស​ចំនួន​៤​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​សប្ដាហ៍​មុន​, ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅ​ខាងក្រៅ​អាគារ​សភាជាតិ​ដោយមាន​បាតុករ​ម្នាក់​បាន​បាត់​បង់ដៃ​ម្ខាង​ខណៈពេលដែល​គាត់​ព្យាយាម​វាយ​គ្រាប់បែក​បំ​ភាំង​ស្មារតី​។​

ក្រុម​សកម្មជន​ពាក់​ម៉ា​សបាន​ព្យាយាម​បំបែក​របាំង​ដែល​ការពារ​សភា​ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ដោយ​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់បែក​។​

ខណៈដែល​ការហែក្បួន​នៅតែ​បន្ត​នោះ ជន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​ឬ​សាធារណៈ​បាន​ដុត​ធុងសំរាម​និង​រថយន្ត​ហើយ​បាន​កម្ទេច​ចំណតរថយន្ត​ក្រុង ម៉ាស៊ីន​ដក​ប្រាក់​និង​បង្អួច​ហាង​នៅតាម​ដងផ្លូវ​។​

ហាង​ប្រមាណ​៥៥០​ហាង​ត្រូវ​រង​ការខូចខាត​ដោយ​ក្រុមអ្នកតវ៉ា​នៅក្នុង​រដ្ឋធានី​ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu