កំពង់ចាម ៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជារដ្ឋមន្ត្រីកសិកម្មបានសម្តែងក្តី រីករាយសាទរ ចំពោះគ្រួសាររបស់បងប្រុស ទួន សំអន នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ដែលទទួលបានជោគជ័យ ក្នុងការចិញ្ចឹមគោរផ្តើមចេញពីខ្ចីប្រាក់គេ៥០ម៉ឺនរៀល ទទួលបានជោគជ័យ ១ ខែ រកចំណូលបាន ៦លានរៀល។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឪកាសដែលលោក រដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការចិញ្ចឹមគោជាលក្ខណគ្រួសាររបស់បងប្រុស ទួន សំអន នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យោងតាមក្រសួងកសិកម្មបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីចប់កម្មវិធីក្នុងវត្តពោធិវ័នកោះប៉ែន លោករដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការចិញ្ចឹមគោជាលក្ខណគ្រួសាររបស់បងប្រុស ទួន សំអន នៅភូមិដំបងដែក ឃុំកោះរកា ដែល ទទួលបានជោគជ័យ ក្នុងការចិញ្ចឹមគោ ចាប់ផ្តើមដំបូងខ្ចីប្រាក់គេ ចំនួន ៥០ម៉ឺនរៀល យកមកប្រកបរបរនេះ ព្រោះមិនចង់ឲ្យកូនធ្វើចំណាកស្រុក និងចង់បង្កើនជីវភាព។
ក្រសួងបានឲ្យដឹងថា គ្រួសាររបស់បងប្រុស ទួន សំអន បានទទួលបច្ចេកទេសពីមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាំងពីឆ្នាំ២០១៦ ដោយសារ ការខិតខំព្យាយាម ពីសំណាក់ បង ប្រុស និង បង ស្រី បានខិតខំ សិក្សារៀនសូត្រ ដកស្រង់ បទពិសោធន៍ចិញ្ចឹមគោ ថែរទាំង និងការពារ ព្យាបាលជំងឺ ទើបទទួលបានជោគជ័យនាថ្ងៃនេះ គឺគ្រួសារមានជីវភាពធូរធារ ជួបជុំ កូន ចៅ ពួកគេបានរៀនសូត្រ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោនេះ ក្នុង១ខែ ទទួលបានប្រាក់ចំណូលជាង ៦លានរៀលជាមធ្យម។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងស្រីដែលបានប្រកាន់យករបរចិញ្ចឹម គោដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការកែប្រែជីវភាពគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ ធ្វើឲ្យគ្រួសារគាត់មានជីវភាពល្អប្រសើរ សុខដុមរមនា និងមានសុភមង្គល ហើយនេះគឺជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការចិញ្ចឹមគោបំប៉ន ហើយភាពជោគជ័យ នេះគឺស្របទៅតាមទស្សវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោក រដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមឲ្យបានប្រសើរដោយគិតពីចំណី ការថែទាំង និងការពារជំងឺ ប្រយោជន៍ដើម្បីលើកកម្ពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។ លោកបានណែនាំ អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វជួយរៀបចំកសាងឡជីវឧស្ម័ន បង្កាត់ពូជសិប្បនិម្មិត និងការរៀបចំចំណីសម្រាប់ត្រៀមទុករដូវខ្វះខាត ដល់គ្រួសារបងស្រីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments