Ad Code

ចាប់ខ្លួន​បុរស​ទំនើង​ម្នាក់ តែងតែ​ដើរ​បង្ក​ជម្លោះ​វាយតប់​គេ​ដោយ​គ្មាន​មូលហេតុ



ភ្នំពេញ​ ៖ បុរស​ទំនើង​ម្នាក់ ​ដែល​តែងតែ​ដើរ​វាយតប់​គេឯង​បង្ក​របួសស្នាម​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​បុរី​កម្មករ (​អតីត​ភូមិ​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់ពី​ជននេះ​ បាន​មក​លួច​ឆ្មក់​វាយតប់​គេ​បែក​មុខ​បែក​មាត់​ដោយ​គ្មាន​មូលហេតុ​រួច​រត់​គេច​ខ្លួន​។

ជន​ទំនើង​រូប​នេះ​ឈ្មោះ ម៉ឹង ឯល​វិចិត្រ ហៅ​ចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ជនជាតិ​យួន ចូលសញ្ជាតិ​ខ្មែរ គ្មាន​មុខរបរ ប្រជាជន​និយាយ​ថា បុរស​ម្នាក់​នេះ​ជា​ក្រុម​ជន​សេព​គ្រឿងញៀន ទីលំនៅ​ផ្ទះ​លេខ​២២ ភូមិ​បុរី​កម្មករ​(​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​)​។

ប៉ូលិស​និយាយ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​២​នាក់ ១.​ឈ្មោះ ឡេង ស្ថាបនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត​មាន​ទីលំនៅ​ម្តុំ​សំណង់​១២ ខណ្ឌទួលគោក​។ ២.​ឈ្មោះ គង់ ស្រី​និះ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន E.M.A មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។



ជនរងគ្រោះ​ខាងលើ​បាន​រៀប​រាប់​ប្រាប់​សមត្ថកិច្ច​ថា កន្លងមក​កាលពី​ថ្ងៃទី​០៩ ខែ​កុ​ម្ភៈ ឆ្នាំ២០១៩ វេលា​ម៉ោង​៥ កន្លះ​ល្ងាច នេះ​ជន​ដៃដល់​ខាងលើ​បាន​កាន់ដំបង​ឈើ​ជ្រុង​លប​មក​វាយ​ពួក​ខ្លួន​ដោយ​មិនដឹង​ខ្លួន​ ខណៈ​កំពុងតែ​ឈ​នៅលើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ក្នុងភូមិ ហើយ​គេ​បាន​គេចខ្លួនបាត់​ភ្លាមៗ​។

ជនរងគ្រោះ​បន្ត​ថា ក្រោយមក​ទៀត​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៤ ខែ​កុ​ម្ភៈ ឆ្នាំ២០១៩ ខណៈ​ដែល​ពួក​ខ្លួន​បាន​កំពុងតែ​អង្គុយ​នៅលើ​ម៉ូតូ​ក្នុងភូមិ​បុរី​កម្មករ ក៏​ស្រាប់តែ​ជនដៃដល់​ឈ្មោះ ម៉េង ឯល​វិចិត្រ បានមក​លប​ឆ្មក់​វាយ​លើ​ផ្ទៃមុខ​ពួកគេ​ទាំង​២​នាក់ ​បណ្តាល​ឲ្យ​ជាំមុខ​និង​បែក​មាត់ រួច​គេ​(​ជនដៃដល់​)​បាន​រត់​គេច​ខ្លួន​បាត់​ទៀត​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនបង្ក​ល្មើស​តាមច្បាប់​។

នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​បាន​បញ្ជូន​កម្លាំង​សម្ងាត់​តាម​ឃ្លាំ​មើល​ជនដៃដល់ ហើយក៏​បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​ឈរ​នៅ​លើ​ផ្លូវ​បេតុង​ក្នុងភូមិ​បុរី​កម្មករ​ដោយ​មាន​កាន់​កាំបិត​មួយ​ផង ក៏បាន​បញ្ជូន​កម្លាំង​មក​ចាប់ខ្លួន​តែម្តង ​នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃទី​១៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ យកមក​សួរនាំ​និង​បញ្ជូន​ទៅ​តុលាការ​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu