ភ្នំពេញ ៖ លោក ហួត ហ៊ាង ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ កាលពីដើមឆ្នាំ២០១២ នឹងបានទទួលរងការផ្តន្ទាទោសកំណត់២ឆ្នាំ ដោយដាក់ពន្ធនាគារ១ឆ្នាំ និងព្យួរទោស១ឆ្នាំនោះ ត្រូវបានព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់លើកលែងទោសទាំងស្រុង ហើយអនុញ្ញាតឲ្យបន្តមុខងារជាចៅក្រមនៅក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមវិញ នេះបើតាមការផ្សាយនៅលើផេកហ្វេសប៊ុករបស់អង្គការខុមហ្វ្រែល នៅថ្ងៃទី១៦ ខែកុម្ភៈ។
យោងតាមព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៤០០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា ត្រូវបានលើកលែងទោសព្យួរឲ្យទណ្ឌិតឈ្មោះ ហួត ហ៊ាង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ តាមអំណាចសាលដីកាលេខ០៨ ក្រ IV ត ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ ហើយអនុញ្ញាតិឲ្យបន្តមុខងារជាចៅក្រម នៅក្នុងក្របខ័ណ្ឌអង្គចៅក្រមវិញ។
សូមបញ្ជាក់ថា លោក ហួត ហ៊ាង អតីតចៅក្រមសាលាដំបូងខេត្តកណ្តាលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួននៅក្នុងបន្ទប់ធ្វើការតែម្តង ជាមួយចៅក្រមម្នាក់ទៀត លោកស្រី ខូវ ច័ន្ទផូ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ក្នុងរឿងស៊ីសំណូកពុករលួយជាក់ស្តែងមានទំហំទឹកប្រាក់ចំនួន៥០០០ដុល្លារអាមេរិក។ ក្រោយមកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានប្រកាសសាលក្រមព្រហ្មទណ្ឌសម្រេចផ្តន្ទាទោសលោកចៅក្រម ហួត ហ៊ាង ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមរយៈពេល១ឆ្នាំ និង១ឆ្នាំទៀតជាទោសព្យួរពីបទស៊ីសំណូកពុករលួយដោយចៅក្រម។ ទីបំផុត សំណុំរឿងក្តីពុករលួយរបស់លោកចៅក្រម ហួត ហ៊ាង ក៏បានទៅដល់សាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ០៨ក្រ IV ត ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣។
អ្វីដែលគួរចាប់អារម្មណ៍នោះ គឺទោះបីទទួលរងការផ្តន្ទាទោសពាក់ព័ន្ធនឹងសំណុំរឿងស៊ីសំណូកពុករលួយក្តី ក៏លោកចៅក្រម ហួត ហ៊ាង មិនត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌដូចចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនជាអាទិ៍ លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ (លុបឈ្មោះចេញពីក្របខ័ណ្ឌអង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/១៦០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧) និងលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ (លុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥) … ឡើយ៕
Source: Kampuchea Thmey Daily
0 Comments