ទិវា Shining Star ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងភាពត្រជាក់នៅទីក្រុងព្យុងយ៉ាង។ ប៉ុន្តែប្រជាជនកូរ៉េខាងជើងរាប់ពាន់នាក់បានតម្រង់ជួរនៅក្នុងសីតុណ្ហភាពដក៨អង្សាសេកាលពីថ្ងៃសៅរ៍ដើម្បីគោរពដល់អតីតមេដឹកនាំគីមជុងអ៊ីលនៅថ្ងៃខួបកំណើតរបស់គាត់។
លោកគីមដែលត្រូវជាកូនប្រុសរបស់ស្ថាបនិកកូរ៉េខាងជើងលោកគីមអ៊ីលស៊ុងនិងជាឪពុករបស់មេដឹកនាំបច្ចុប្បន្នគីមជុងអ៊ុនបានកើតនៅថ្ងៃទី១៦ខែកុម្ភៈ។
យោងតាមជំនឿសាសនារបស់ទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា លោកបានកើតក្នុងឆ្នាំ១៩៤២នៅក្នុងខ្ទមដែលគ្របដណ្តប់ដោយព្រិលនៅជំរំសម្ងាត់មួយនៅលើជម្រាលភ្នំ Paektu ដែលជាទីកន្លែងកំណើតខាងសាសនារបស់ប្រជាជនកូរ៉េនិងជាកន្លែងដែលឪពុករបស់គាត់ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងជប៉ុន។
នេះជាខួបដ៏សំខាន់មួយនៅក្នុងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះដែលប្រជាពលរដ្ឋរបស់ខ្លួនត្រូវបានបង្រៀនពីកំណើតឲ្យគោរពដល់ “ចរន្តឈាម Paektu” ដែលគ្រួសារត្រកូលគីមបានគ្រប់គ្រងវាអស់បីជំនាន់។
ដោយគេចាត់ទុកថាជាទិវា Shining Star, ឱកាសនេះត្រូវបានគេប្រារព្ធដោយការសម្តែងជិះស្គី ការបង្ហាញផ្កានិងគោរពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
អ្នកបើកបរម្នាក់ឈ្មោះ Kim Chol Jun អាយុ៤២ឆ្នាំបាននាំកូនប្រុសពីរនាក់របស់គាត់ទៅភ្នំ Mansu ដែលជាកន្លែងនៃរូបសំណាកធំៗរបស់លោកគីមអ៊ីលស៊ុលនិងគីមជុងអ៊ីលដើម្បីគោរពដល់ពួកគេនិងមេដឹកនាំបច្ចុប្បន្ន។
លោកបានប្រាប់ AFP ថា “គ្មានកូនប្រុសនិងកូនស្រីណាម្នាក់មានអារម្មណ៍ធុញទ្រាន់ទេនៅពេលពួកគេទៅលេងឪពុកម្តាយរបស់ពួកគេ។ មេដឹកនាំដ៏អស្ចារ្យត្រូវបានគេចាត់ទុកថាជាឪពុកម្តាយរបស់យើងដូច្នេះខ្ញុំមកទីនេះដើម្បីឱនក្បាលមុខឪពុកម្តាយរបស់យើងជាមួយកូនប្រុសរបស់ខ្ញុំ”។
ប្រជាជនកូរ៉េខាងជើងសាមញ្ញតែងតែបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះថ្នាក់ដឹកនាំនិងគោលនយោបាយរបស់ខ្លួននៅពេលនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស៕ AFP
Source: Kampuchea Thmey Daily
0 Comments