ប៉ៃលិន ៖ ថ្លែងនៅក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២១ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ឯកឧត្ដម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់យុវជន យុវនារីទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ នេត្រ ភូមារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងគណៈប្រតិភូក្រសួងវប្បធម៌ ,ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត, តំណាងស្នងការ មេបញ្ជាការ និងមន្ត្រីរាជការមន្ទីរវប្បធម៌ យ៉ាងច្រើនកុះករ។
បន្ទាប់ពី លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានអានរបាយការណ៍ ស្ដីពីការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ រួចមក លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ទិវាវប្បធម៌ជាតិ ៣មិនា លើកទី២១ ឆ្នាំ២០១៩ នេះ គឺជាទិសដៅដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់រៀបចំឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រលាញ់ ព្រមទាំងលើកកម្ពស់តម្លៃសីលធម៌ ក្នុងន័យបណ្តុះបណ្តាលស្មារតីឲ្យសកម្ម ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ទាំងបេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ឲ្យបានស្ថិតស្ថេរគង់វង្សរុងរឿង ថ្កើងថ្កានជាឧត្ដមប្រយោជន៍ នៃជនជាតិខ្មែរយើងផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍លើកឡើងថា ៖ ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាល នៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរមរតកវប្បធម៌ និងតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ចំពោះប្រធានបទ នៃទិវានេះគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលមានគោលបំណង ជំរុញឲ្យយុវជនចូលរួមអនុវត្តឲ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជា ជាពិសេសត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៍ សម្បត្តិបេតិកភណ្ឌ ស្របតាមគោលនយោបាយជាតិ លើវិស័យវប្បធម៌ ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្មារតីប្រជាជន មហាជន យុវជន ដែលជាអ្នកបន្តវេនតទៅថ្ងៃអនាគត។
ឯកឧត្ដមគណៈអធិបតី ក៏បានជំរុញ ដល់យុវជនត្រូវតែស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ត្រូវស្គាល់ពីតម្លៃវប្បធម៌ ឲ្យច្បាស់ក្នុងន័យ ថែរក្សាការពារឲ្យបានគង់វង្ស។ ទន្ទឹមនេះ គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា ក្នុងខេត្តប៉ៃលិនទាំងអស់ មេត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្ត ដល់យុវជនដែលជាអ្នកបន្តវេនឲ្យមានការចូលរួម ដោយស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួន ទាំងវ័យកុមារ រហូតដល់យុវវ័យ ដើម្បីធ្វើឲ្យសិល្បៈវប្បធម៌យើង មាននិរន្តភាព ក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមគណៈអធិបតី ក៏បានឧបត្ថម្ភ សៀវភៅ ប៊ិច និង ថវិកា ដល់សិស្សានុសិស្ស យាយជីតាជី ព្រមទាំងការឆ្លើយនូវសំណួរ ចម្លើយ យករង្វាន់ពីឯកឧត្ដមគណៈអធិបតីផងដែរ ៕
Source: Kampuchea Thmey Daily
0 Comments