ភ្នំពេញ ៖ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែ និងត្រូវក្រុមគ្រូពេទ្យ ធ្វើការចោះបំពង់កដើម្បីជួយសង្គ្រោះនោះ ពេលនេះស្ថានភាពជំងឺរបស់តារាកំប្លែងនាយ សាន ម៉ៅ ហាក់មានសភាពធូរស្រាលច្រើនហើយ។ នេះបើតាមការបញ្ជាក់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ។
គេចាំបានថា តារាកំប្លែងជើងចាស់ល្បីឈ្មោះតែងតែបង្កភាពសប្បាយរីករាយផ្ទុះសំណើចដល់មហាជននាយ សាន ម៉ៅកាលពីប៉ុន្មានខែកន្លងមកនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនចូលសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ មិនតែប៉ុណ្ណោះនាយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ហើយចុងក្រោយគឺវិលត្រឡប់មកមន្ទីរពេទ្យជោរៃភ្នំពេញផងដែរ។
បើតាមការរៀបរាប់ឲ្យដឹងពីសំណាក់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា គ្រា ដែលជូនដំណើរតារាចម្រៀងស្រី យិន ស្រីពៅ ដែលថ្មីៗនេះផ្ទុះរឿងរ៉ាវត្រូវបានមន្ត្រីយោធាផ្កាយ៣ទះកំផ្លៀងនិងទទួលបានសំណងជំងឺចិត្តចំនួន៨ពាន់ដុល្លារនោះ លើកឡើងថា ពេលនេះស្ថានភាពជំងឺរបស់តារាកំប្លែងនាយ សាន ម៉ៅ បានធូរស្រាលច្រើនហើយ។ ម្យ៉ាងទៀតនាយ សាន ម៉ៅ ក៏បានអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញផងដែរ។
ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា ថ្ងៃនេះ សមាគមសិល្បករខ្មែរជូនប្អូនស្រី យិន ស្រីពៅ (Yin Srey Pov )ទៅសួរសុខទុក្ខលោកពូសាន ម៉ៅ និង នាំយកថវិកាខ្លះៗទៅជូនលោកពូ។ ក្មួយសប្បាយចិត្តណាស់ដែលស្ថានភាពជំងឺរបស់លោកពូបានធូរស្បើយច្រើន ដែលកាលពីលើកមុនក្មួយសឹងតែគ្មានសង្ឃឹមថាជំងឺលោកពូអាចប្រសើរបានដល់ប៉ុណ្ណេះទេ….។
លើសពីនេះទៀតអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្ថែមដែរថា ក្រៅតែពីការចុះសួរសុខទុក្ខតារាកំប្លែងនាយ សាន ម៉ៅ ហើយនោះ នាងនិងតារាចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស យិន ស្រីពៅ ក៏បានបន្តដំណើរចុះទៅសួរសុខទុក្ខតារាកំប្លែងជើងចាស់ដូចគ្នាគឺនាយ ក្តឹប ដែលបច្ចុប្បន្នកំពុងមានជំងឺផងនោះ។
សូមបញ្ជាក់ថា តារាកំប្លែងនាយសាន ម៉ៅ កន្លងមក បានធ្លាក់ខ្លួនឈឺជំងឺទឹកចូលសួត បញ្ហាបេះដូង និងទឹកនោមផ្អែមជាដើម៕
Source: Kampuchea Thmey Daily
0 Comments