ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញចេញលិខិតមួយដើម្បីឱ្យប្រធានគណបក្សខ្មែរក្រោកគឺលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង កែតម្រូវអត្ថបទឡើងវិញ ពាក់ព័ន្ធនឹងលោកប្រធានបក្សមួយនេះប្រើពាក្យប្រមាថមើលងាយ មន្ត្រីរដ្ឋបាលសាធារណៈ ដោយប្រៀបធៀបទៅនឹងសត្វធាតុ។
បើយោងតាមខ្លឹមសារដែលរដ្ឋបាលរាជធានីភ្នំពេញផ្ញើជូនលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុងកាលពីថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៩នេះមានខ្លឹមសារថា ជម្រាបមកលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក កម្មវត្ថុសំណើសុំធ្វើការកែតម្រូវអត្ថបទ នៃការបង្ហោះផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២មីនាឆ្នាំ២០១៩។
អត្ថបទនៃកាបង្ហោះផ្សាយក្នុង Page William Guang នៅថ្ងៃ ១២មីនា ២០១៩។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោកប្រធានជ្រាបថា តាមរយៈ page William Guang ដែលត្រូវបានគេទទួលស្គាល់ថាជា page របស់លោកប្រធានបានបង្ហោះផ្សាយអត្ថបទកាលពីថ្ងៃទី ១២មីនាឆ្នាំ ២០១៩ដោយសរសេរថា សួរថាតើស្ដាប់សំដីចៅហ្វាយក្រុងនិងស្ដាប់សំឡេង គីគីព្រូស មួយណាល្អជាង ក្នុងន័យ ភ្ជាប់គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យជាមួយវិធានការគ្រប់គ្រងការធ្វើចរាចរណ៍រថយន្តធុនធ្ងន់ចេញចូលក្រុងដោយប្រើប្រាស់ពាក្យពេចន៍ អសីលធម៌ គ្មានមូលដ្ឋានច្បាស់លាស់គ្រប់ជ្រុងជ្រោយ មានអត្ថន័យផ្ទុយទាំងស្រុងពីការពិត ប៉ុន្តែមានចរិតមួលបង្កាច់ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះធ្វើឲ្យមតិសាធារណៈមានការភាន់ច្រឡំនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នករាជការសាធារណៈនិងស្ថាប័នសាលារាជធានីភ្នំពេញផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ និងរង់ចាំទទួលការរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋានដែលពុំមែនជាការប្រមាថមើលងាយជាន់ឈ្លីកិត្តិយសរហូតដល់ថ្នាក់ប្រៀបប្រដូចមនុស្សជាមួយសត្វធាតុ ច្រើនលើកច្រើនសារនោះ ទេ។
ក្នុងន័យនេះដើម្បីរក្សាតម្លៃតួនាទីជាប្រធានគណបក្សមួយរូប ផ្ដល់តម្លៃជូនមន្ត្រីរាជការសាធារណៈនិងដើម្បីផ្ដល់ជូនព័ត៌មានសុក្រិតនិងត្រឹមត្រូវដល់សាធារណជនរដ្ឋបាលរាជធានីភ្នំពេញស្នើលោកប្រធានពិនិត្យខ្លឹមសារកែតម្រូវអត្ថបទឡើងវិញជៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវ តុលាការក្នុងបទការប្រមាថនិងការប្រឆាំងនឹងរាជការសាធារណៈ៕
Source: Kampuchea Thmey Daily
0 Comments