ភ្នំពេញ ៖ បងប្អូននារីប្រមាណ២៦០នាក់ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញបានជួប ជុំគ្នាក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៨ទិវាអន្តរជាតិនារី៨មិនាក្រោមប្រធានបទ៖លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦មីនា ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី។
ជាមួយនឹងការអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១០៨នៃទីវាអន្តរជាតិនារី៨មីនានេះ លោកឃួង ស្រេង ក៏បានមានប្រសាសន៍ថា ប្រធានបទ លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស មានគោលបំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គមដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៏ធនធានមនុស្សហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកំពស់យេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំពារសង្គមគឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្តនិងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារីដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍ជាតិ មាតុភូមិគ្រប់សម័យកាល។
លោកឃួង ស្រេង បានលើកទឹកចិត្តបងប្អូននារី ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីចូលរួមការងារជាមួយបុរសដោយស្មើភាព។
បច្ចុប្បន្ននេះ ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនិងកាកបាទក្រហមកម្ពុជា។ នារីជាមេផ្ទះគឺបងប្អូនអាចដឹងកិច្ចការផ្ទះច្រើនជាងនរណាទាំងអស់ទាំងរៀបចំផ្ទះ,រៀបចំម្ហូបអាហារសម្រាប់គ្រួសារកូន និងប្តីជាដើម សូម្បីរឿងសំរាមក៏បងប្អូននារីចេះវិចខ្ចប់ និងទុកដាក់បានល្អដែរ។ បងប្អូននារីក៏ជាអ្នកម្តាយអប់រំកូនចៅតាមបែបអហិង្សាបានល្អជាងប្តីផងដែរ។ ជាមួយនឹងការជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជានារីដើម្បីសំដែងការគោរពស្រឡាញ់ នោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្តល់កាដូជាប្រាក់ដល់បងប្អូននារីទាំង២៦០នាក់ ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments