ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញប្រគល់ ជ័យលាភីលេខ ដល់ សហគមន៍កសិកម្មបន្លែចម្រុះ ដែលបានចូលរួមប្រកួតប្រជែងកសិករឆ្នើម មកជាសហគមន៍កសិកម្មឆ្នើម ដល់ ជ័យលាភីលេខ ដែលបានជាប់ជាចំណាត់ថ្នាក់ លេខ១ ដល់លេខ៥។
ពិធីនោះធ្វើឡើង កាលពីរសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុង វេទិកាស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើម២០១៩ ក្រោមអធិបតីភាពលោក រដ្ឋមន្ត្រី វេង សាខុន អមដោយសមាជិក សមាជិកាដែលជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី បងប្អូនប្រជាកសិករ សមាជិកសហគមន៍ប្រមាណ ៣០០នាក់។
សូមបញ្ជាក់ជូនជ្រាបថា វេទិកានេះមាន ១២០សហគមន៍កសិកម្មអញ្ជើញមកពី ២៤រាជធានី ខេត្ត ចូលរួមប្រកួត។ ក្នុងនោះ សហគមន៍កសិកម្មដែលទទួលបានជ័យលាភីលេខ១គឺ សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងខេត្តកំពង់ស្ពឺ ដែលបានទទួលប័ណ្ណសរសើរ គោយន្ត២គ្រឿង ម៉ាស៊ីនបូមទឹក ១០គ្រឿង និងថវិកា ១០ លានរៀល។ លេខ២ សហគមន៍បឹងលាជសំបូរផលខេត្តកំពង់ឆ្នាំង ទទួលបានប័ណ្ណសរសើរ គោយន្ត ២គ្រឿង ម៉ាស៊ីនបូមទឹក ៦គ្រឿង និងថវិកា ៤លានរៀល និងលេខ៣ សហគមន៍កសិកម្មលំពង់មានជ័យខេត្តតាកែវ ប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ៣លានរៀល។ ដោយឡែកជ័យលាភីលេខ៤ បានទៅសហគមន៍កសិកម្មព្រែកដាច់មានជ័យ ទទួលបានប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ២លានរៀល និងលេខ៥ បានទៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ទទួលបានប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ១លានរៀល។ ចំពោះសមាជិកទាំង ១២០នាក់ ដែលបានអញ្ជើញចូលរួមប្រកួតប្រជែងនេះ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល រួមទាំងការស្នាក់នៅ អាហារ និងការធ្វើដំណើរផងដែរ។
លោកងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានជម្រាប ជូនអង្គវេទិកាថា យោងតាមអនុសាសន៍របស់លោក រដ្ឋមន្ត្រីដែលចង់ប្តូរកម្មវត្ថុពីវេទិកាប្រកួតប្រជែងកសិករឆ្នើម មកជាសហគមន៍កសិកម្មឆ្នើមវិញ ប្រយោជន៍ដើម្បីលើកទឹកចិត្តឲ្យកសិករប្រមូលផ្តុំកម្លាំងផលិត ផ្តល់ឱកាសពង្រីកសក្ដានុពលរបស់ខ្លួន មានអំណាចនិងសំឡេងចរចា បង្កើតទីផ្សារខ្លួនឯង ងាយទទួលយកបច្ចេកវិទ្យា ប្រើប្រាស់គ្រឿងយន្តកសិកម្មជាសមូហភាព ងាយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ នេះជាលើកទី៤ ហើយដែលអគ្គនាយកដ្ឋានកសិកម្មបានរៀបចំវេទិកានេះឡើង ក្នុងគោលបំណងគឺដើម្បីធ្វើការប្រកួតប្រជែង និងជ្រើសរើសសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំទូទាំងប្រទេស រួចផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សហគមន៍កសិកម្មដែលបានឈ្នះជ័យលាភី។
ថ្លែងទៅកាន់អង្គវេទិកា លោក រដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ សហការរៀបចាំឲ្យមានវេទិកានេះឡើង និងបានកោតសរសើរចំពោះសហគមន៍កសិកម្មទាំងអស់ដែលបានអញ្ជើញចូលរួមប្រកួត ប្រជែងរហូតទទួលបានជ័យជំនះ និងបានលើកទឹកចិត្ត និងគាំទ្រចំពោះសហគមន៍ដែលបរាជ័យនាថ្ងៃនេះឲ្យខិតខំបន្ថែមទៀត ដោយនាំយកបទពិសោធន៍ មេរៀន និងមិត្តភាពល្អៗទៅជាមួយដើម្បីធ្វើការកែលម្អ ហើយសង្ឃឹមថាឆ្នាំបន្តបន្ទាប់នឹងទទួលបានជោគជ័យជាមិនខាន។
លោកបានបន្តទៀតថា វេទិកានេះពិតជាបានបង្ហាញឲ្យឃើញអំពីការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ស្របតាមបរិបទសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។ កត្តាទាំងនេះបាននឹងកំពុងជំរុញឲ្យវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រជាកសិករ និងសហគមន៍កសិកម្ម ចូលរួមយ៉ាងសស្រាក់សស្រាំបន្តអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន។ និយាយរួមវេទិកានេះគឺជាឱកាស ឬជាស្ពានតភ្ជាប់រវាងតួអង្គបីសំខាន់គឺសហគមន៍ សហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើក កម្ពស់ផលិតភាពផលិតកម្ម គុណភាព ការប្រើប្រាស់បច្ចេកវិទ្យាបៃតងសមស្រប ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល លើកកម្ពស់ការសម្រួលពាណិជកម្ម និងការទទួលបានទីផ្សារកសិផល ផ្ទេរបច្ចេកវិទ្យាដល់កសិករ សហគ្រាសខ្នាតតូច និងមធ្យមសម្រាប់ជាទុនក្នុងការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សមស្របតាមស្តង់ដារទីផ្សារក្នុងតំបន់ ការ ប្រកួតប្រជែង និងគោលការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។
ឆ្លៀតយកឱកាសនៃការជួបជុំមហាគ្រួសារសហគមន៍កសិកម្មកម្ពុជាដ៏សែនសុខដុមរមនានេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីជំនាញ និងជាពិសេសដល់សហគមន៍កសិកម្មដើម្បីយកទៅគិតត្រិះរិះពិចារណា ច្នៃប្រឌិត បង្កើតបាននូវយុទ្ធសាស្ត្រដឹកនាំ និងអនុវត្តថ្មីៗបន្ថែមទៀត ដើម្បីអភិឌ្ឍន៍សហគមន៍កសិកម្មឲ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្តបន្ទាប់៕
Source: Kampuchea Thmey Daily
0 Comments