ខ្សែបម្រើ-ប្រយុទ្ធ ស៊ិន កក្កដា បានបង្ហាញនូវទំនុកចិត្ត និងការជឿជាក់ខ្ពស់ លើក្លិបកីឡាបាល់ទាត់ វិសាខា សម្រាប់ការត្រៀមរដូវកាលថ្មី ទាំងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ បន្ទាប់ពីរូបគេ បានមើលឃើញនូវចំណុចរីកចម្រើនជាច្រើនរបស់ក្លិប ចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ។
ម្ចាស់អាវលេខ ៧ រូបនេះ បានលើកឡើងតាមរយៈវិបសាយផ្លូវការរបស់ក្លិបថា តាំងពីខ្លួនបានចូលរួមជាមួយក្លិបកីឡាបាល់ទាត់វិសាខា ក្លិបពិតជាមានការរីកចម្រើនលើសពីការរំពឹង និងផ្ដល់បទពិសោធន៍ជាច្រើនដល់ខ្លួនទៀតផង។ កក្កដា បាននិយាយថា «មកដល់វិសាខា ខ្ញុំខុសប្លែកច្រើន រីកចម្រើនច្រើន ទទួលបានបទពិសោធន៍ច្រើន ពិសេសការផ្ដល់ភាពកក់ក្ដៅរបស់ថ្នាក់ដឹកនាំ និងការផ្ដល់នូវដំបូន្មានល្អៗជាច្រើនរបស់គ្រូបង្វឹក និងកីឡាកររៀមច្បង»។
សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បន្ដថា «មកទល់ពេលនេះ ខ្ញុំសង្កេតឃើញក្លិបមានការរីកចម្រើនលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត ពិសេសការលេងជាក្រុមយល់ចិត្តគ្នាបានល្អ។ ដំបូងឡើយ ខ្ញុំគិតថា មកទីនេះ មានកីឡាករថ្មីៗច្រើន ចឹងប្រហែលពិបាកបន្ដិច តែដោយសារគ្រូបង្វឹក គាត់ប្រើចិត្តសាស្ដ្រ និងតិចនិចល្អ បានធ្វើឲ្យពួកខ្ញុំ លេងចុះសម្រុងគ្នាយ៉ាងលឿន តាំងពីបោះជំរុំហ្វឹកហាត់ នៅថៃម្ល៉េះ។ ដូច្នេះខ្ញុំជឿជាក់ថា រដូវកាលថ្មី វិសាខា នឹងធ្វើបានកាន់តែល្អថែមទៀត»។
កីឡាករ ស៊ិន កក្កដា គឺជាយុវជនឆ្នើមមួយរូប ដែលគេបានបណ្តុះចេញពីយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ មកម្ល៉េះ ខណៈកាលពីឆ្នាំ២០១៧ កន្លងទៅរូបគេធ្លាប់ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមធំ ហើយក៏ជាពេលដែលក្រុមជម្រើសជាតិU18, U23 និងក្រុមជម្រើសជាតិកម្ពុជា បានកោះហៅឲ្យរូបគេចូលរួមក្នុងក្រុមក្នុងឆ្នាំតែមួយ៕
Source: Kampuchea Thmey Daily
0 Comments