Ad Code

បេសកកម្ម​របស់​គណៈ​កម្ម​ការ​អឺរ៉ុប នឹង​មក​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​ចុងខែ​មីនា និង​ខែមេសា ខាងមុខ​ដើម្បី​ជជែក​ពី EBA



ភ្នំពេញ​ ៖ លោក ច​ច អេ​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​ចប់​អាណត្តិ​នៅក្នុងពេល​ដ៏​ខ្លី ខាងមុខ​បាន​ថ្លែងថា បេសកកម្ម​របស់​គណៈ​កម្មការ​អឺរ៉ុប ក្រុមការងារ នឹង មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ចុងខែ​មីនា និង​ខែមេសា ខាងមុខ ដើម្បី​ជជែក​ជាមួយ​ភាគី​កម្ពុជា ប៉ុន្តែ​យ៉ាងណា​លោ​កថា​មិនទាន់​បាន​ទទួល​នូវ​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ។

ការ​ថ្លែង​របស់​លោក ច​ច អេ​ដ​ហ្កា (George Edgar) បានធ្វើ​ឡើង ក្នុង ពិភាក្សា​ជាមួយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង ជម្រាបលា នៅ​ថ្ងៃ​អង្គារ ១៤​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ ខ​ណៈ​ពេល​ដែល​លោក ត្រូវ​ចប់​អាណត្តិ​នៅក្នុងពេល​ដ៏​ខ្លី​នេះ។



នា​ជំនួប លោក រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​លោក អេ​ដ​ហ្កា ក្នុង​បេសកកម្ម​របស់​ លោក​ជា​មន្ត្រី​តំណាង​ការទូត ហើយក៏​បាន​សាកសួរ​បន្ត​អំពី​ដំណើរការ​បន្ទាប់​ក្រោយពី​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​នៃ​នីតិវិធី​ពិនិត្យ​ការ​ព្យួរ​ជា​បណ្ដោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា ជាពិសេស​បេសកកម្ម​នានា​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ក្នុងដំណាក់កាល ៦ ខែ​ដំបូង​។

ជា​កិច្ច​ឆ្លើយតប លោក អេ​ដ​ហ្កា បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លង ហើយ​ក៏បាន​ជម្រាបជូន​ថា ទាក់ទង​នឹង​បេសកកម្ម​របស់​គណៈកម្មការ​អឺរ៉ុប លោក មិនទាន់​បានទទួល​នូវ​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​អាច​នឹង​មាន​ក្រុមការងារ​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ចុងខែ​មីនា និង​ខែមេសា ខាងមុខ​។​ ក្រៅ​ពី​នេះ​ផង​ដែរ លោក អេ​ដ​ហ្កា បាន​ជម្រាប​ជូន​ពី​គម្រោង​ដែល​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​សហភាព​អឺរ៉ុប និង​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អាល្លឺម៉ង់ មាន​ឈ្មោះថា ARISE+Cambodia ដែល​អនុវត្ត​ដោយ​អង្គការ GIZ​។ គម្រោង​នេះ​កំពុងតែ​ត្រៀម​ចាប់ផ្ដើម​ការអនុវត្ត ហើយ លោក បានស្នើ​សុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​គម្រោង​នេះ​ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​ជា​ចំណុច​បង្គោល​របស់​រាជ​រដ្ឋាភិបាល​ជាមួយ​គម្រោង​នេះ​។

លោក រដ្ឋមន្ត្រី បាន​ឆ្លើយតប​ថា ក្រសួង​ស្វាគមន៍​ជានិច្ច​ការ​គាំទ្រ​បន្ត​ពី​សហភាព​អឺរ៉ុប ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ហើយ​លោក នឹង​ចាត់ចែង​ក្រុមការងារ​សម្រាប់​ធ្វើការ​ជាមួយ​អង្គការ GIZ ដើម្បី​អនុវត្ត​គម្រោង​នេះ ដោយ​គម្រោង​នេះ​មាន​សក្ដានុពល​ក្នុង​ការ​ជួយ​កំណែទម្រង់​កាំកុងត្រូល រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការងារ​ដទៃទៀត ដែល​ចាំបាច់​សម្រាប់​កម្ពុជា​ក្នុង​បរិបទ​បច្ចុប្បន្ន​។ ​មុននឹង​បញ្ចប់ លោក​រដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់ លោក អេ​ដ​ហ្កា ឲ្យ​ទទួល​បាន​នូវ​ជ័យជម្នះ​លើ​គ្រប់​ភារកិច្ច​ដែល​លោក​នឹង​ទទួល​បាន​នូវ​ថ្ងៃ​អនាគត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu