ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ថា បញ្ហាព្រំដែនជាមួយប្រទេសឡាវ ដែលនៅសេសសល់ប្រមាណ១៤ភាគរយនោះ បានក្លាយទៅជាចំណុចក្តៅរវាងប្រទេសទាំងពីរ ហើយបើភាគីឡាវ ដែលតែងតែនិយាយថា ជាបងប្អូននោះ មិនឯកភាពគ្នាទេ មានតែទៅតុលាការ ពីព្រោះយើងមិនអាចធ្វើសម្បទានបានទេ។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមក្នុងអង្គសន្និបាត លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្រៅពីបញ្ហាផ្សេងៗ បញ្ហាព្រំដែន ក៏ជាបញ្ហាដែលក្រសួងការបរទេសត្រូវធ្វើផងដែរ ទោះបីជាយើងមានគណៈកម្មាធិការព្រំដែនក៏ដោយ ដូចជាបញ្ហា TOR ជាមួយឡាវជាដើម គឺការធ្វើបែបបទបច្ចេកទេស ដែលត្រូវធ្វើជូនទៅភាគីបារាំង ដើម្បីឲ្យបារាំងឆ្លើយតបទៅនឹងការស្នើសុំរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ដែលបានស្នើសុំអ្នកសង្កេតការបារាំងមកផ្ទេរផែនទីពីខ្នាត១/១០០.០០០ មកផែនទីខ្នាត១/៥០.០០០ ដើម្បីងាយស្រួលក្នុងការវាស់វែងកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ នៅតំបន់ដែលមិនទាន់បានដោះស្រាយជាមួយគ្នា។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាព្រំដែនជាមួយឡាវនេះ មាន៨៦បានសម្រេចហើយ នៅសល់១៤ភាគរយ ហើយ១៤ភាគរយនេះបានក្លាយទៅជាចំណុចដែលក្តៅរវាងប្រទេសទាំងពីរ។
តាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាបានផ្លាស់ប្តូរសំណើទាក់ទងទៅនឹងបញ្ហា TOR នេះពីរបីដងរួចមកហើយ ប៉ុន្តែយើងជួបការលំបាកដោយសារតែភាគីឡាវរុញមកវិញ ហើយអ្វីដែលពិសេសនោះ គឺខុសពីស្មារតីនៃលិខិតរបស់នាយករដ្ឋមន្ត្រីទាំងពីរ ដែលផ្ញើទៅប្រធានាធិបតីបារាំង។ លោកឧបនាយករដ្ឋមន្ត្រីពន្យល់ថា អ្វីដែលខុសនោះគឺ គោលដៅចម្បងរបស់នាយករដ្ឋមន្ត្រីទាំងពីរ គឺស្នើសុំឲ្យបារាំងជួយជាអ្នកជំនាញការខាងផ្នែកផែនទី ដើម្បីធ្វើការផ្ទេរផែនទី តែភាគីឡាវដកចំណុចនេះចេញតែម្តង ហើយសំដៅទៅរកផែនទីផ្សេង ហើយជាអ្វីដែលយើងមិនអាចទទួលយកបាន។ ចំណុចនេះមិនមែនមានន័យថា ពិបាកទទួលយកទេ គឺមិនអាចទទួលយកបានតែម្តង ហើយផែនទី ភាគីឡាវបានទាញទៅដល់ឆ្នាំ១៩០២ ដែលកាលនោះ បារាំងមិនទាន់បានផ្ទេរខេត្តស្ទឹងត្រែងមកឲ្យកម្ពុជាវិញផង ដែលនេះជាបញ្ហាលំបាក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដែរថា កាលពីឆ្នាំ១៩៩៨ គណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរបានឯកភាពគ្នាទទួលយកចំនួន១៤ផ្ទាំង ក្នុងនោះមាន២ផ្ទាំង បាននិយាយដល់តំបន់អូតាងាវ ប៉ុន្តែហេតុអីបានជាបោះបង់ចោលការឯកភាពនេះ ហើយងាកទៅរកផែនទីផ្សេង បើដូច្នេះមានន័យថា ផែនទីដែលបានប្រើប្រាស់ដោះស្រាយបញ្ហាបាន៨៦ភាគរយហើយនោះ ទុកជាអាសាបង់ ឬយ៉ាងណា។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឲ្យអ្នកខាងជំនាញធ្វើការស្រាវជ្រាវកំណត់គោលការណ៍ឲ្យបានច្បាស់លាស់លើបញ្ហានេះព្រំដែននេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ដែរថា បើភាគីមិត្ត ជាបងប្អូន មិនឯកភាពគ្នាទេ មានតែទៅតុលាការ យើងមិនអាចធ្វើសម្បទានលើបញ្ហានេះបានទេ។
គួររំលឹកថា បញ្ហាវិវាទព្រំដែនកម្ពុជា-ឡាវ បានឡើងកម្ដៅ កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ ដោយសារកងទ័ពឡាវ បានចូលមកឈរជើង នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយនៅក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា និងឡាវ កាលពីខែកញ្ញា ឆ្នាំ២០១៧ ភាគីទាំងពីរបានព្រមព្រៀងគ្នាចំនួន៤ចំណុច ដែលក្នុងនោះ ចំណុចទី៤ គឺនាយករដ្ឋមន្ត្រីទាំង២ បានឯកភាពគ្នាថា នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជា ឡាវ ហើយនៅពេលនោះ នាយករដ្ឋមន្ត្រីឡាវ ក៏បានយល់ព្រមនូវចំណុចទាំង៤នោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments